សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល មិនកាត់ចំណាយក្នុងវិស័យអប់រំ និងសុខាភិបាល ទៅបំពេញឱ្យតម្រូវការវិស័យការពារជាតិទេ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាល មិនមានការកាត់ចំណាយក្នុងវិស័យអប់រំ និងសុខាភិបាល ទៅបំពេញឱ្យតម្រូវការវិស័យការពារជាតិទេ ហើយក៏គ្មានក្រសួងណាមួយកាត់បន្ថយថវិកាដែរ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី “សម្ពោធអគារកម្ពស់បីជាន់ សមិទ្ធផលនានា និងពិធីប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា” ស្ថិតនៅផ្លូវ ៥៩៨ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចធិបតី បានមានប្រសាសន៍ថា ធនធានមនុស្សជាអាទិភាពទី១សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។ ចំណែកឯ វិស័យសុខាភិបាលក៏រឹតតែសំខាន់ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន ដូច្នេះគ្មានហេតុផលណាដែលរាជរដ្ឋាភិបាលកាត់បន្ថយចំណាយឡើយ។

ការពន្យល់របស់សម្ដេចធិបតីនេះឆ្លើយតបទៅនឹងការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ(RFI)ដែលបានផ្សាយថា រាជរដ្ឋាភិបាលកម្ពុជាគ្រោងកាត់បន្ថយចំណាយលើវិស័យអាទិភាពមួយចំនួនតួយ៉ាងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ដាក់បញ្ចូលទៅក្នុងវិស័យការពារជាតិ ឆ្នាំ២០២៧ ដើម្បីពង្រឹងវិស័យការពារជាតិ។

សម្ដេចធិបតីបានពន្យល់ថា «ខ្ញុំសូមបញ្ជាក់ដោយខ្លីថា រាជរដ្ឋាភិបាលមិនមានការកាត់ចំណាយវិស័យអប់រំ និងវិស័យសុខាភិបាល នៅឆ្នាំ២០២៧ ទៅបំពេញឱ្យតម្រូវការវិស័យការពារជាតិទេ ទោះបីវិស័យការពារជាតិត្រូវកើនក៏ដោយនេះជាចម្លើយខ្លី»។
សម្ដេចធិបតីបាន បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់សម្រាប់វិស័យការពារជាតិ រួមទាំងវិស័យអប់រំ សុខាភិបាល និងវិស័យផ្សេងៗទៀត៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





