កម្ពុជា-ចិន បង្ហាញពីចំណងមិត្តភាពជ្រាលជ្រៅ និងចក្ខុវិស័យវែងឆ្ងាយ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦--ក្នុងដំណើរបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២នៃព្រឹទ្ធសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម ជី ពីងស័ន អនុប្រធានសភាប្រជាជនចិន នីតិកាលទី១៣ និងជាប្រធានសមាគមចិន ដើម្បីការយល់ដឹងអន្តរជាតិ (CAFIU) ដោយជំនួបនេះគូភាគីទាំងពីរ កម្ពុជា-ចិន បានបង្ហាញពីចំណងមិត្តភាពដ៏ជ្រាលជ្រៅ និងចក្ខុវិស័យវែងឆ្ងាយរៀងៗខ្លួន។

ក្នុងជំនួបនេះ ឯកឧត្តម ជី ពីងស័ន បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខដ៏កក់ក្តៅពីឯកឧត្តម ចាវ ឡឺជឺ ប្រធានសភាប្រជាជនចិនជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចប្រធានរដ្ឋសភា ដែលជាកាយវិការឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏ជ្រាលជ្រៅ និងដូចបងប្អូនរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

កិច្ចពិភាក្សារវាងភាគីទាំងពីរបានគ្របដណ្តប់លើវិស័យជាច្រើន និងមានចក្ខុវិស័យវែងឆ្ងាយទាំងផ្នែកការស្រាវជ្រាវ និងទំនើបកម្មកសិកម្ម ការអភិវឌ្ឍឧស្សាហកម្មកែច្នៃចំណីអាហារ កិច្ចសហប្រតិបត្តិការលើបេតិកភណ្ឌវប្បធម៌ ដោយភាគីចិនបានប្តេជ្ញាពន្លឿនការជួសជុល និងស្តារប្រាសាទនានារបស់កម្ពុជា ដែលរងការខូចខាត ព្រមទាំងការពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងខេត្តកានស៊ូ (Gansu) ជាមួយកម្ពុជាថែមទៀតផង៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ព្រឹទ្ធសភា)





