គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS2 ទស្សនកិច្ចសិក្សានៅខេត្ដកំពង់ស្ពឺ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ បានចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សារបស់គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS2។

សកម្មភាពដំណើរទស្សនកិច្ចសិក្សានេះប្រតិភូបានជួបពិភាក្សានៅសាលាខេត្ត អំពីវឌ្ឍនភាពនៃការងារ GBV ទស្សនកិច្ចទៅកាន់មន្ទីរពេទ្យខេត្ត ស្វែងយល់ពីសេវាស្តារអ្នកជំងឺដែលមានបញ្ហាការនិយាយ ស្វែងយល់អំពីខ្សែសង្វាក់នៃសេវាស្តារលទ្ធភាពពលកម្មកាយសម្បទានៅក្នុងមជ្ឈមណ្ឌលស្តារខេត្ត ព្រមជាមួយគ្នានោះប្រតិភូក៏បានចុះជួបជាមួយមេឃុំ ក្រុមប្រឹក្សាឃុំ មន្រ្តីនៃឃុំអូរ ស្រុកភ្នំស្រួច និងឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក៏ដូចជាប្រជុំជាមួយក្រុមប្រឹក្សាឃុំ និង គ.ក.ន.ក និងទស្សនាបន្ទប់ប្រឹក្សាយោបល់ និងឃុំរលាំងចេក អំពីបរិយាបន្នពិការភាព ជាមួយអាជ្ញាធរ គ.ក.ន.ក និងអង្កការតំណាងជនមានពិការភាពនិងក្រុមពិការភាពជួយខ្លួនឯង។

គោលបំណងចម្បងនៃទស្សនកិច្ច បង្ហាញសមិទ្ធផល បង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលជាក់ស្តែង របស់កម្មវិធី ACCESS 2 នៅតំបន់គោលដៅ។ ការចុះពិនិត្យផ្ទាល់ ផ្តល់ឱកាសជូនថ្នាក់ដឹកនាំជាន់ខ្ពស់ DFAT នឹងតំណាង ASC ពិនិត្យមើលដោយផ្ទាល់នូវការអនុវត្តសកម្មភាពកម្មវិធី។ ការចូលរួមរបស់អ្នកពាក់ព័ន្ធ បង្កើនកិច្ចសន្ទនារវាងសមាជិកថ្នាក់យុទ្ធសាស្ត្រនិងរដ្ឋាភិបាលខេត្ត អាជ្ញាធរនិងអ្នកទទួលផល។

ដំណើរទស្សនកិច្ចនេះគឺដើម្បីបង្កើនការយល់ដឹងកាន់តែច្បាស់អំពីជោគជ័យនៃការអនុវត្តឆ្នាំទី២ និងឆ្នាំទី៣ បញ្ហាប្រឈម និងពង្រឹងការសម្របសម្រួលរវាងគណ:កម្មការប្រឹក្សាភិបាលថ្នាក់ជាតិ និងអ្នកពាក់ព័ន្ធខេត្ត ហើយក៏ទទួលបានទស្សនាទានច្បាស់លាស់ដើម្បីតម្រង់ទិសយុទ្ធសាស្ត្រ និងការអនុម័តផែនការការងារនាពេលអនាគត៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





