ស្ថានទូតកម្ពុជានៅកូរ៉េ នឹងរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសហគមន៍ខ្មែរនៅកូរ៉េ
AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦---
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុមការងារ ESEA និងសមាគមរាជសីហ៍ នឹងរៀបចំកម្មវិធីប្រកួតបាល់ទាត់ «ពានរង្វាន់មិត្តភាពសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ លើកទី១ ឆ្នាំ២០២៦» ។នេះបើតាមការឱ្យដឹង ពីឯកអគ្គរាជទូតកម្ពុចាប្រចាំនៅប្រទេសកូរ៉េ។

ឯកឧត្តម ឃួន រតនៈ ឯកអគ្គរាជទូតកម្ពុចាប្រចាំនៅកូរ៉េ បានការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសហគមន៍ខ្មែរនៅកូរ៉េ នឹង
ប្រព្រឹត្តិទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ខាងមុខនេះចាប់ពីម៉ោង៩:៣០ព្រឹក ដល់ ៧:៣០នាទីល្ងាច នៅតំបន់អឹមសង់ សាធារណរដ្ឋកូរ៉េ។
ជាងនេះការប្រកួតបាល់ទាត់នេះដែរក៏មានអមជាមួយកម្មវិធីពិសេស ២ បន្ថែមទៀត៖ ការផ្តល់សេវាសាធារណៈ និងប្រឹក្សាការងារចល័តនិង ការពិនិត្យសុខភាពដោយឥតគិតថ្លៃ ដោយមន្ទីរពេទ្យ SOONCHUNHYANG។

ឯកអគ្គរាចទូតបានលើកឡើងថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសាមគ្គីភាព មិត្តភាព និងភាពជិតស្និទ្ធរវាងបងប្អូនសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ ព្រមទាំងជួយសម្រួលដល់ការទទួលសេវាសាធារណៈ ការប្រឹក្សាការងារ និងសេវាពិនិត្យសុខភាព ដើម្បីកាត់បន្ថយពេលវេលា និងការចំណាយក្នុងការធ្វើដំណើរ។ ជាពិសេស ព្រឹត្តិការណ៍នេះក៏ជាឱកាសដ៏ល្អសម្រាប់បងប្អូនខ្មែរទាំងអស់បានជួបជុំ ផ្លាស់ប្តូរបទពិ សោធន៍ បង្កើនទំនាក់ទំនងល្អក្នុងសហគមន៍ និងរួមគ្នាលើកកម្ពស់កិត្តិយសជាតិខ្មែរនៅលើទឹកដីកូរ៉េផង។
អាស្រ័យហេតុនេះ សូមអញ្ជើញក្រុមបាល់ទាត់របស់សហគមន៍ខ្មែរ នៅតាមតំបន់នានា នៅសាធារណរដ្ឋកូរ៉េ ដែលមានចំណាប់អារម្មណ៍ និងមានបំណងចូលរួមប្រកួត ទំនាក់ទំនងចុះឈ្មោះ តាមរយៈ QR Code ដែលភ្ជាប់មកជាមួយ ឬតាមរយៈលេខទូរស័ព្ទ៖ 010-7645-6229 ។
បញ្ជាក់៖ ការចូលរួមប្រកួតរបស់ក្រុមនីមួយៗ មិនតម្រូវឱ្យបង់ប្រាក់ឡើយ៕

ដោយ៖ ប៊ុនរិទ្ធ





