កម្ពុជា-គុយបា ប្រកាសបន្តគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ និងប្ដេជ្ញាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងប្រទេសទំាងពីរបន្ថែមទៀត
AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ----
ភាគីកម្ពុជា និងគុយបា បានបង្ហាញជំហរបន្តគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ សំដៅថែរក្សា និងពូនជ្រំចំណងមិត្តភាពជាប្រពៃណីដែលមានអាយុកាលជាង ៦០ឆ្នាំ ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។
នេះបើយោងតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាង លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារ ណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហ កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា ជាមួយ លោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជា ណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅវិមានរដ្ឋសភា។

នៅក្នុងជំនួបនោះ លោកជំទាវ និន សាផុន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោកជំទាវឯកអគ្គរដ្ឋទូតគុយបា។
លោកជំទាវប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា ក៏បានជម្រាបជូន លោកជំទាវឯកអគ្គរដ្ឋទូត អំពីបញ្ហាប្រឈមនាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងការរំលោភបំពានពីសំណាក់ប្រទេសថៃមកលើកម្ពុជា ដោយលោកជំទាវបានគូសបញ្ជាក់ថា បច្ចុប្បន្នភាគីថៃកំពុងព្យាយាមបំប្លែងស្ថានការណ៍ពី «សទៅជាខ្មៅ» បន្ថែមពីលើជម្លោះឈ្លានពានព្រំដែនគោក បន្តមកព្រំដែនទឹក ដោយសម្រេចលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MoU 2001) ជាឯកតោភាគី ពោលគឺថៃខ្លួនឯងជាអ្នកបង្កហេតុ និងរំលោភបំពានលើកម្ពុជា តែបែរជាតាំងខ្លួនប្រាប់បរទេសថា ជាប្រទេសរងគ្រោះទៅវិញ។


ជាការឆ្លើយតប លោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតគុយបា បានចែករំលែកនូវបច្ចុប្បន្នភាពថ្មីៗនៃស្ថានការណ៍នៅក្នុងប្រទេសគុយបា និងបានអះអាងពីជំហរគាំទ្រកម្ពុជាក្នុងនាមជាមិត្តដ៏ស្មោះត្រង់។
លោកជំទាវបានបញ្ជាក់ថា គុយបាប្តេជ្ញានឹងបន្តពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រនេះឱ្យកាន់តែសកម្ម និងរឹងមាំថែមទៀត ដើម្បីបម្រើដល់ផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។
ទន្ទឹមនឹងនេះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានពាំនាំនូវការសួរសុខទុក្ខពីប្រធានរដ្ឋសភាគុយបា ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានគោរពអញ្ជើញ លោកជំទាវ និន សាផុន ទៅចូលរួមក្នុងសន្និសីទអន្តរជាតិស្តីពី «បញ្ហាប្រឈមនៃមនុស្សជាតិ» (International Conference on the Dilemmas of Humanity) ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែសីហា ខាងមុខ នាទីក្រុងហាវ៉ាណា (Havana) ប្រទេសគុយបាផងដែរ។


លោកជំទាវ និន សាផុន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត និងសាមគ្គីភាពជាប្រពៃណីរវាងកម្ពុជា-គុយបា ដែលបានពូនជ្រំជាបន្តបន្ទាប់។
លោកជំទាវបានសង្កត់ធ្ងន់ថា ទំនាក់ទំ នងដ៏ល្អរវាងប្រទេសទាំងពីរ មិនត្រឹមតែផ្តល់គុណប្រយោជន៍សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ស្ថិរភាពនៅក្នុងតំបន់ និងលើពិភពលោក ដោយប្រទេសទាំងពីរនឹងបន្តថែរក្សា ក៏ដូចជាជួយគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈទាំងអស់៕
ដោយ៖ ប៊ុនរិទ្ធ , ប្រភព៖ រដ្ឋសភា





