រដ្ឋមន្រ្តីសុខាភិបាល៖ សេវាសុខាភិបាលបានអភិវឌ្ឍទៅមុខ ដោយសារអង្គភាពសុខាភិបាល តែងតែផ្សារភ្ជាប់គោលការណ៍ដឹកនាំទៅនឹងការអនុវត្តជាក់ស្តែង
AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ក្នុងវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) សរុបចំនួន ៣១១៥ នាក់ នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ថា សេវាសុខាភិបាល បានអភិវឌ្ឍន៍ទៅមុខ ដោយសារអង្គភាពសុខាភិបាល តែងតែផ្សារភ្ជាប់គោលការណ៍ដឹកនាំទៅនឹងការអនុវត្តជាក់ស្តែង។
ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានពាំនាំយកនូវការកោតសរសើរនិងមតិផ្តាំផ្ញើរពីថ្នាក់ដឹកនាំកំពូល នៃរាជរដ្ឋាភិបាលកម្ពុជា ជូនដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានរួបរួមគ្នាធ្វើឱ្យប្រសើរឡើងនូវសេវាសុខាភិបាល។ ជាការឆ្លើយតបទៅនឹងការលើកទឹកចិត្តពីថ្នាក់ដឹកនាំរដ្ឋាភិបាល មន្រ្តីសុខាភិបាលបានប្តេជ្ញាចិត្តរក្សាឱ្យបាន នូវកិត្តយសនេះដោយពង្រឹងការអនុវត្តការងារប្រកបដោយក្រមសីលធម៌ និងភាពមានវិជ្ជាជីវៈ ក្នុងចក្ខុវិស័យលើកតម្កើងភាពថ្លៃថ្នូររបស់វិជ្ជាជីវៈសុខាភិបាល។
ក្នុងវគ្គនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកយក២ចំណុច ទាក់ទងនឹងកម្រិតអន្តរាគមន៍សម្រាប់រៀបចំការងារ (organizational interventions) ដែលមានទាំងទិដ្ឋភាពខាងក្រៅ (សំដៅដល់ការរៀបចំផ្តល់សេវាដែលមានគុណភាព និង មានលក្ខណៈងាយស្រួលសម្រាប់អ្នកមកទទួលសេវាគ្រប់គ្នា) និងទិដ្ឋភាពខាងក្នុង (ដែលជាការងាររបស់អង្គភាពសុខាភិបាលដើម្បីចាត់ចែងការងារឱ្យកាន់តែបានរហ័យនិងមានសាកសិទ្ធភាព មានគណនេយ្យភាព និងមាននិយាមបច្ចេកទេសច្បាស់លាស់)។
ជាកិច្ចបន្ត ក្រុមការងារមន្ទីរពេទ្យបង្អែកខេត្តឧត្តមានជ័យ បានធ្វើបទបង្ហាញពីចក្ខុវិស័យក្នុងការឈានឆ្ពោះការទទួលបានការទទួលស្គាល់គុណភាពសេវា នៅមន្ទីរពេទ្យបង្អែកខេត្ត។ បទបង្ហាញបានឆ្លុះបញ្ចាំងពីការប្រើប្រាស់ភាពជាអ្នកដឹកនាំ ក្នុងមន្ទីរពេទ្យតាមរយៈការកំណត់ចក្ខុវិស័យ គោលដៅ បេសកកម្ម គុណតម្លៃសម្រាប់មន្ទីរពេទ្យ បុគ្គលិក និងការរៀបចំគម្រោងផ្សេងៗ ដើម្បីមន្ទីរពេទ្យឆ្ពោះទៅរកការទទួលស្គាល់គុណភាពសេវានាពេលខាងមុខ៕


ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





