ខេត្តកណ្តាល រៀចំពីធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១ មិថុនា ២០២៦
AKP កណ្តាល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦–លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពីធី អបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១ មិថុនា ២០២៦ ក្រោមប្រធានបទ «សន្តិភាពជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារ» ដោយមានការចូលរួមពី មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបផងដែរ នៅសាលប្រជុំ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ប្រធានបទឆ្នាំនេះ ដែលលើកឡើងថា «សន្តិភាពជាមូលដ្ឋានគ្រឹះនៃ ការគោរពនិងកិច្ចគាំពារសិទ្ធិកុមារ» ដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងការដោះស្រាយ បញ្ហាប្រឈមនានារបស់កុមារ ជាពិសេសការបង្ការ ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ពលកម្មកុមារ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដោយជួយគាំទ្រដល់កុមាររងគ្រោះនិងងាយរងគ្រោះពីហានិភ័យ ការគំរាមកំហែង ការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់ទម្រង់បានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យកុមាររស់នៅនិងអភិវឌ្ឍដោយសុខុមាលភាពក្រោមម្លប់សន្តិភាព។


លោក អភិបាលរងខេត្ត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងសកម្ម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ ដោយចាត់វិធានការ អន្តរាគមន៍គ្រប់មធ្យោបាយ ទ្រទ្រង់សភាពការណ៍ស្ថិតក្នុងស្ថានការណ៍ដែលប្រទេសកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ ដើម្បីធានាឱ្យកុមារ ក្រុមគ្រួសារ ប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាសហគមន៍ទាំងមូល ទទួលបាននូវគុណតម្លៃនៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពពេញលេញ។ លើសពីនេះទៀត រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ជំនួយមនុស្សធម៌ ការផ្តល់ជម្រកស្នាក់នៅ បណ្តោះអាសន្ន ការសង្គ្រោះបន្ទាន់ដល់កុមារ និងគ្រួសារភៀសសឹក ដើម្បីធានាឱ្យទារក កុមារតូច សិស្សានុសិស្ស ស្ត្រីមានផ្ទៃពោះ ជនចាស់ជរា ជនមានពិការភាព ទទួលបានសុវត្ថិភាព អាហារូបត្ថម្ភ សេវាសុខភាព និងកុមារអាចបន្តការសិក្សារៀនសូត្រ ទោះស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃការភៀសសឹកក៏ដោយ។ ឆ្លើយតបចំពោះបញ្ហាប្រឈម និងហានិភ័យនានាចំពោះកុមារ រាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ ផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ ២០១៦-២០២៥ គឺជាគ្រឹះវិស័យតម្រង់ទិស ដើម្បីលើកកម្ពស់ការយល់ដឹងឱ្យកាន់តែប្រសើរចំពោះបញ្ហាពលកម្មកុមារនៅប្រទេសកម្ពុជា និងផ្តល់ជាកម្លាំងចលករដ៏ខ្លាំងក្លាដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍សកល ប្រកបដោយចីរភាព ២០១៥-២០៣០។

លោក អភិបាលរងចេត្ត ក៏បានជំរុញឱ្យ មន្ទីរអប់រំ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវជំរុញការរៀបចំរចនាសម្ព័ន្ធក្រុមប្រឹក្សាកុមារកម្ពុជា និងរចនាសម្ព័ន្ធកាយរឹទ្ធិ ឱ្យបានគ្រប់សាលារៀនជាការប្រសើរបំផុត ព្រោះប្រព័ន្ធការងារនេះជាមាគ៌ាដ៏ល្អនៃការអភិវឌ្ឍសមត្ថភាពរបស់ក្មួយៗលើផ្នែក៖ រដ្ឋបាលបឋម ការងារជាក្រុម ក្លឹបសិក្សា និងការបញ្ជ្រាបនូវបំណិនជីវិតជាច្រើនទៀត ដូចនេះក្មួយៗត្រូវតែចូលរួមយ៉ាងសកម្មក្នុងនាមជាក្រុមប្រឹក្សាកុមារកម្ពុជានៅតាមសាលារៀនរបស់ក្មួយៗ ៕
ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





