ឯកឧត្តម នេត្រ ភក្រ្តា៖ ព័ត៌មានភាន់ច្រឡំ និងព័ត៌មានមិនពិតស្ថិតក្នុងចំណោមហានិភ័យនាំមុខគេនៅលើសកលលោកដែលបង្កឡើងក្នុងរយៈពេលខ្លី
AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ -- ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងយុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ "ពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងព័ត៌មានបំភ្លៃ" នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ នេះ បានថ្លែងថា នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) បានព្រមានថា ព័ត៌មានភាន់ច្រឡំ និងព័ត៌មានមិនពិត ស្ថិតក្នុងចំណោមហានិភ័យនាំមុខគេនៅលើសកលលោកដែលបង្កឡើងក្នុងរយៈពេលខ្លី ជាពិសេសដោយសារវាបំផ្លាញទំនុកចិត្ត បែងចែកគម្លាតសង្គម និងធ្វើឱ្យការគ្រប់គ្រងរដ្ឋបាលចុះទន់ខ្សោយ។ ការណ៍នេះបង្ហាញយ៉ាងច្បាស់ថា សុចរិតភាពព័ត៌មាន មិនមែនជាជម្រើសបន្ថែមទៀតទេ ប៉ុន្តែវាជាគ្រឹះសម្រាប់សន្តិភាព ការអភិវឌ្ឍ ទំនុកចិត្តសាធារណៈ និងការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីថលប្រកបដោយការទទួលខុសត្រូវ។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា យើងកំពុងរស់នៅក្នុងសម័យកាល ដែលបច្ចេកវិទ្យាឌីជីថលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ សង្គមរបស់យើងផ្សារភ្ជាប់គ្នាកាន់តែជិតស្និត ហើយយើងទទួលបានព័ត៌មានកាន់តែច្រើន និងពឹងផ្អែកគ្នាទៅវិញទៅមកកាន់តែខ្លាំងជាងពេលណាៗទាំងអស់។ បច្ចេកវិទ្យាឌីជីថលបានបង្កើតឱកាសដ៏ធំធេងសម្រាប់កំណើនសេដ្ឋកិច្ច នវានុវត្តន៍ ការផ្តល់សេវាសាធារណៈ ការអប់រំ និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។ ទន្ទឹមនេះដែរ ការវិវត្តនេះ ក៏បានបង្កើតនូវភាពងាយរងគ្រោះថ្មីៗនៅក្នុងលំហព័ត៌មានផងដែរ។

ជាមួយគ្នានេះដែរ ព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភាន់ មាតិកាដែលបង្កការយល់ច្រលំ និងព័ត៌មានអនឡាញដែលបង្កគ្រោះថ្នាក់ អាចរីករាលដាលឆ្លងដែនក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ វាអាចធ្វើឱ្យសាធារណជនយល់ច្រលំ កាត់បន្ថយទំនុកចិត្តមកលើស្ថាប័នសាធារណៈ និងឯកជន បំផ្លាញសុខដុមនីយកម្មសង្គម ប៉ះពាល់សន្តិសុខជាតិ និងរង្គោះរង្គើដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសជាដៃគូ។ ឯកឧត្តម បានបន្ថែមថា បញ្ហានេះ មិនមែនពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយតែប៉ុណ្ណោះទេ ប៉ុន្តែទាក់ទងនឹងទំនុកចិត្តសាធារណៈ ស្ថិរភាពសង្គម ភាពធន់របស់ប្រទេសជាតិ និងទំនុកចិត្តក្នុងតំបន់។

បើទោះបីព័ត៌មានមិនពិតមិនមែនជារឿងថ្មីក៏ដោយ ប៉ុន្តែល្បឿន វិសាលភាព និងភាពស្មុគស្មាញរបស់វានាពេលបច្ចុប្បន្ន គឺមិនធ្លាប់មានពីមុនមកឡើយ។ ចាប់តាំងពីការឃោសនាដំបូងៗនៅក្នុងប្រវត្តិសាស្ត្រ រហូតដល់ការប្រើប្រាស់ព័ត៌មានក្នុងអំឡុងពេលជម្លោះ និងវិបត្តិនានា ដោយព័ត៌មានមិនពិតត្រូវបានប្រើប្រាស់ក្នុងគោលបំណងបំភាន់ការយល់ឃើញរបស់សាធារណជន។ សព្វថ្ងៃនេះ បណ្តាញទំនាក់ទំនងសង្គម កម្មវិធីផ្ញើសារ បញ្ញាសិប្បនិម្មិត ប្រព័ន្ធផ្សព្វផ្សាយសំយោគ និង deepfakes បានធ្វើឱ្យពលរដ្ឋកាន់តែពិបាកក្នុងការបែងចែករវាងការពិត និងមិនពិត។

សូមបញ្ជាក់ថា ក្រសួងព័ត៌មានបាននិងកំពុងរៀបចំសិក្ខាសាលានៃយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដំណាក់កាលទី២ ក្នុងក្របខណ្ធតំបន់មេគង្គ-ឡានឆាង ដែលមានការចូលរួមពីថ្នាក់ដឹកនាំ អ្នកជំនាញ និងអ្នកសារព័ត៌មានប្រមាណ ២០០នាក់មកពីប្រទេសកម្ពុជា ចិន វៀតណាម ឡាវ និងមីយ៉ាន់ម៉ា៕

ដោយ៖ យា ចិន្តាខន្តី





