ទិវាកុមារអន្តរជាតិ១មិថុនាឆ្នាំនេះ ប្រារព្ធឡើងក្រោមប្រធានបទ«សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ»
AKP ភ្នំពេញ ថ្ងៃទី0១ ខែមីថុនា ឆ្នាំ២០២៦--ក្រសួងអប់រំ យុវជន និងកីឡាបានអបអរសាទរយ៉ាងក្លៀវក្លាចំពោះការប្រារព្ធឡើងនូវទិវាកុមារអន្តរជាតិ១មិថុនា ដែលឆ្នាំនេះគឺជាខួបទី៧៧ (១ មិថុនា ១៩៤៩ - ១ មិថុនា ២០២៦) ដោយប្រព្រឹត្តទៅក្រោមប្រធានបទ៖ «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារ»។
បើតាមក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា សម្រាប់កម្ពុជា ការប្រារព្ធទិវាកុមារអន្តរជាតិ១មិថុនានេះឡើង គឺដើម្បីរម្លឹកដល់ការអនុវត្តន៍សិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេសការបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ពលកម្មកុមារ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដោយជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីហានិភ័យ ការគំរាមកំហែង ការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់ទម្រង់បានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យកុមាររស់នៅ និងអភិវឌ្ឍន៍ដោយសុខដុមរមនាក្រោមម្លប់នៃសន្តិភាព។
ក្រសួងអប់រំ យុវជន និងកីឡាបានគូសបញ្ជាក់ថា ជាការពិតណាស់ កុមារគឺជាធនធានដ៏មានតម្លៃ និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។ ជាក់ស្តែង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យក «មនុស្ស» ជាវិស័យអាទិភាពចម្បងបំផុតក្នុងចំណោមអាទិភាពទាំង៥។ ហេតុនេះ ការវិនិយោគលើសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារនៅថ្ងៃនេះ គឺជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមូលធនមនុស្សប្រកបដោយសក្តានុពល ដើម្បីជំរុញសន្ទុះការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើននិងរុងរឿងនាពេលអនាគត៕

ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





