ខេត្តកំពង់ស្ពឺអបអរសាទរខួបលើកទី៧៧ នៃទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ «សន្តិភាពជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ»
AKP កំពង់ស្ពឺ ថ្ងៃទី0១ ខែមិថុនា ឆ្នាំ២០២៦--មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺ បានរៀបចំពិធីអបអរសាទរ និងប្រារព្ធខួបលើកទី៧៧ នៃទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ «សន្តិភាពជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និង ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក-លោកស្រីប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ លោកគ្រូ-អ្នកគ្រូ អាណាព្យាបាល ព្រមទាំងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានគូសបញ្ជាក់ថា ទិវាកុមារអន្តរជាតិ ១មិថុនា ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងរំលឹក និងបំផុសស្មារតីរួមគ្នាក្នុងការលើកកម្ពស់ការការពារសិទ្ធិកុមារ និងការអភិវឌ្ឍន៍កុមារ ដែលជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏មានតម្លៃសម្រាប់អនាគតប្រទេសជាតិ។ ឯកឧត្តមបានអំពាវនាវដល់មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំ គាំពារ និងផ្តល់ឱកាសឱ្យកុមារគ្រប់រូបទទួលបានការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌ ព្រមទាំងចៀសឆ្ងាយពីអំពើហិង្សា និងការរំលោភបំពានគ្រប់រូបភាព។ ឯកឧត្តមអភិបាលខេត្ត ក៏បានដាស់តឿន និងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ស្តាប់បង្គាប់ឪពុកម្តាយ លោកគ្រូអ្នកគ្រូ ធ្វើជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អក្នុងសង្គម ដោយត្រូវចៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខផ្សេងៗ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងអំពីសក្តានុពលដ៏សំខាន់ៗចំនួន៣ របស់ខេត្តកំពង់ស្ពឺ នាពេលបច្ចុប្បន្ន រួមមាន៖ វិស័យទេសចរណ៍ វិស័យឧស្សាហកម្ម និងវិស័យកសិកម្ម ដែលវិស័យទាំងនេះកំពុងតែរួមចំណែកយ៉ាងសកម្មក្នុងការជម្រុញសេដ្ឋកិច្ចខេត្ត និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងការលើកឡើងពីសក្តានុពលខេត្ត ឯកឧត្តមអភិបាលខេត្ត ក៏បានដាក់ចេញនូវការណែនាំសំខាន់ៗមួយចំនួនដល់មន្ទីរអប់រំយុវជន និងកីឡាខេត្ត និងកងកម្លាំងមានសមត្ថកិច្ច ឯកឧត្តមបានណែនាំដល់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវចុះពង្រឹងដល់លោកគ្រូ-អ្នកគ្រូនៅតាមគ្រឹះស្ថានសិក្សាទាំងអស់ មិនត្រូវអនុញ្ញាតឱ្យសិស្សានុសិស្សប្រើប្រាស់ទូរស័ព្ទដៃ (ស្មាតហ្វូន) ក្នុងអំឡុងពេលកំពុងសិក្សានោះឡើយ ដើម្បីធានាឱ្យបាននូវការយកចិត្តទុកដាក់ស្ដាប់ការពន្យល់ និងបង្កើនប្រសិទ្ធភាពនៃការរៀនសូត្រ។

ឯកឧត្តមបានសង្កត់ធ្ងន់លើការអនុវត្តន៍គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដោយបានបញ្ជាឱ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន រួមគ្នាបង្ក្រាប និងលុបបំបាត់ចោលនូវរាល់ល្បែងស៊ីសងគ្រប់ប្រភេទ ក៏ដូចជាសកម្មភាពក្មេងទំនើង ដើម្បីធានាបាននូវសុវត្ថិភាព របៀបរៀបរយសង្គម និងការរស់នៅប្រកបដោយភាពកក់ក្តៅរបស់ប្រជាពលរដ្ឋ ជាពិសេសគឺការបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាពសម្រាប់កុមារៗលូតលាស់ និងរៀនសូត្រផងដែរ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងឯកឧត្តម យឹម សុខុម ក៏បានផ្តល់កិត្តិយសប្រគល់ប័ណ្ណសរសើរ និងកាដូអនុស្សាវរីយ៍ ដល់ក្មួយៗសិស្សានុសិស្ស និងកុមារដែលបានចូលរួមក្នុងពិធីនោះផងដែរ៕
ដោយ ម៉ែន ប៊ុនធីម





