កិច្ចប្រជុំបូកសរុបលទ្ធផលការងារបញ្ច្រាបយេនឌ័រឆមាសទី១ ឆ្នាំ ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានប្រកាសកែសម្រួលសមាសភាពនិងពង្រឹងតួនាទីភារកិច្ចក្រុមការងារយេនឌ័រ
AKP កំពង់ធំ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦-- នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទិ៤នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦នេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារបញ្ជ្រាបយេនឌ័រ ឆមាសទី១និងដាក់ចេញនូវទិសដៅអនុវត្តបន្ត ឆមាសទី២ ឆ្នាំ២០២៦ ព្រមទាំងបានប្រកាសកែសម្រួលសមាសភាពថ្នាក់ដឹកនាំនិងក្រុមការងារមួយចំនួនសំដៅពង្រឹងតួនាទីភារកិច្ចការងារបញ្ជ្រាបយេនឌ័រឱ្យមានប្រសិទ្ធភាពក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

លោកស្រីវរសេនីយ៍ត្រី អ៊ុត លក្ខិណា ជំនួយការគិលានដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាសមាជិកក្រុមការងារបញ្ជ្រាបយេនឌ័រ បានឡើងអានរបាយការណ៍ស្ដីអំពីលទ្ធផលការងារបញ្ជ្រាបយេនឌ័រដែលសម្រេចបានក្នុងធមាសទី១ ឆ្នាំ ២០២៦កន្លងទៅ និងបានគូសបញ្ជាក់អំពីចំណុចខ្លាំង ចំណុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួន ដែលត្រូវរួមគ្នាបន្តដោះស្រាយ ដើម្បីការងារបញ្ជ្រាបយេនឌ័រ ទទួលបានជោគជ័យនៅឆមាសទី២ ឆ្នាំ ២០២៦ ខាងមុខនេះ បន្ថែមទៀត ។
លោកស្រី វរសេនីយ៍ទោ យូ មុន្នីរ័ត្ននាយសេនាធិការរងប្រធានក្រុមការងារបញ្ច្រាបយេនឌ័រ ដែលទើបបានកែសម្រួលថ្មី និងជាប្រធានយោធិននារី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹកររងកំពង់ធំ បានឡើងអានសេចក្តីសម្រេចស្តីពីកាកែសម្រួល សមាសភាព និងតួនាទីភារកិច្ច របស់ក្រុមការងារបញ្ជ្រាបយេនឌ័រ និងក្រុមការងារស្ត្រីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលត្រូវបានសម្រេចកែសម្រួលថ្មី និងអនុវត្តចាប់ពីថ្ងៃដែលបានប្រកាសនេះតទៅ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះយោធិននារី រួមជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយការិយាល័យ និងស្ថាប័នចំណុះ ព្រមទាំងនាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានសហការ រួមគ្នា ក្នុងការបំពេញតួនាទីភារកិច្ចការងារបញ្ជ្រាបយេនឌ័រនៅក្នុងអង្គភាពនិងគ្រួសារយោធិនគ្រប់រូបបានយ៉ាងល្អប្រសើរ។ ជាមួយនោះដែរ យោធិននារីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំក៏បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការងារសង្គម ក៏ដូចជាការងារសមាគមអតីតយុទ្ធជននិងនិវត្តន៍កម្ពុជានៅខេត្តកំពង់ធំ នាពេលកន្លងទៅ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនសមាសភាពថ្នាក់ដឹកនាំក្រុមការងារយេនឌ័រ ដែលទើបកែសម្រួលថ្មី ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ជាមួយនោះដែរ ត្រូវចាត់តាំងអនុវត្តរបៀបរបរការងារឱ្យបានច្បាស់លាស់។ត្រូវមានរបាយការណ៍ និងរបបប្រជុំឱ្យបានទៀងទាត់ ហើយត្រូវចេះសាមគ្គីភាព ឯកភាពគ្នាក្នុងការបំពេញភារកិច្ច ស្របតាមច្បាប់ស្ដីពីលក្ខន្តិកៈ ទូទៅរបស់កងយោធពលខេមរភូមិន្ទ។

នៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ ដែលមានលទ្ធភាព សូមមេត្តាជួយឧបត្ថម្ភគាំទ្រជាថវិកានិងសម្ភារ:គ្រឿងឧបភោគបរិភោគ តាមលទ្ធភាព ដែលអាចធ្វើទៅបានដើម្បីជួយដល់ក្រុមការងារយេនឌ័រឱ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើសកម្មភាពមនុស្សធម៌ ជួយដល់ជនរងគ្រោះជាស្ត្រី ឬក្រុមគ្រួសារកងទ័ព ឬប្រជាពលរដ្ឋ ជួបគ្រោះមហន្តរាយផ្សេងៗ និងអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត នៅតាមមូលដ្ឋាននានានៅក្នុងខេត្តកំពង់ធំ៕
ដោយ ស៊ុម វណ្ណា





