គ្រូបង្វឹក គ្រូជំនួយត្រូវបានលើកកម្ពស់ឱ្យសម្រួចបច្ចេកទេស ក្រមសីលធម៌ ដល់ជម្រើសជាតិត្រៀមប្រជែងស្នាដៃជូនជាតិការប្រកួតអន្តរជាតិធំៗ
AKP ភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦--គ្រូបង្វឹក គ្រូជំនួយត្រូវរៀបចំផែនការ ហាត់ហ្វឹកហ្វឺនប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំឆ្នាំ ការធ្វើតេស្ត កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ស្របតាមលក្ខណៈបច្ចេកទេស និងវិទ្យាសាស្រ្តកីឡាជាមួយការពង្រឹងលើកម្មវិធីហាត់ហ្វឹកហ្វឺន វិន័យ សីលធម៌ ណែនាំពីបទបញ្ជានៃការប្រកួតដល់ពួកគេ ដើម្បីត្រៀមប្រកួតប្រជែងស្នាដៃជូនជាតិ ក្នុងការប្រកួតអន្តរជាតិធំៗ ពេលខាងមុខជាបន្តបន្ទាប់។

នេះជាការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសបើកវគ្គសិក្ខាសាលា រយៈពេល២ថ្ងៃ ពីថ្ងៃទី០១-០២ ខែមិថុនា ឆ្នាំ២០២៦ ស្ដីពីការរៀបចំទ្រឹស្ដី ផែនការហាត់ហ្វឹកហ្វឺន ដើម្បីពង្រឹងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិឆ្នាំ២០២៦ ក្រោមការរៀបចំរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ឯកឧត្តម វ៉ាត់ ចំរើន បានសង្កត់ធ្ងន់បន្ថែមថា៖ «លោកគ្រូ អ្នកគ្រូត្រូវពិនិត្យលើរបបអាហាររបស់កីឡាករ កីឡាការិនី ទាំងមុនការប្រកួត កំឡុងពេលប្រកួត ដូចជាអាហារដែលមានជាតិហឹល ជាតិហ្គាស អារហារដែលពិបាកក្នុងការរំលាយអាហារ ជាពិសេគឺអាហារ ភេជ្ជៈ ដែលប៉ះពាល់សុខភាព និងត្រូវបានហាមឃាត់ក្នុងវិស័យកីឡា។ ចំពោះអត្តពលិកគ្រប់រូបត្រូវគោរពបទបញ្ជាការប្រកួត មិនត្រូវប្រើប្រាស់សារធាតុលើកកម្លាំង Play True, Clean Sports & Fair Play។ អត្តពលិកគ្រប់រូបត្រូវខិតខំប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាព ព្រោះនេះជាឱកាសល្អក្នុងការបង្ហាញស្នាដៃជូនជាតិ»។

រដ្ឋលេខាធិការ និងគ្រូឧទ្ទេសមួយរូបប្រចាំវគ្គនេះផងនោះបានលើកឡើងទៀត លោកគ្រូ អ្នកគ្រូគឺជាអាណាព្យាបាលទីពីររបស់កីឡាករ កីឡាការិនី។ ដូច្នេះត្រូវយកចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ ភ្ជាប់ទំនាក់ទំនងល្អជាមួយគាត់ ទាំងលើទីលាន និងក្រៅទីលាន ទាំងវិន័យ សីលធម៌ក្នុងការហាត់ហ្វឹកហ្វឺន។ ក្នុងការប្រមូលផ្តុំពង្រឹងគុណភាពបច្ចេកទេសនៃក្រុមជម្រើសជាតិនេះ គឺដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតដណ្តើមមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍គោលដៅចំពោះមុខ ដូចជាកីឡាអាស៊ីនៅប្រទេសជប៉ុន, ស៊ីហ្គេម ឆ្នាំ២០២៧ និងត្រៀមទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០៣១ នៅកម្ពុជា ជាដើម។

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបានថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋានកីឡា គណៈកម្មាការជាតិអូឡាំពិកកម្ពុជា និងអង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធ ដែលបានខិតខំអស់ពីលទ្ធភាពសហការគ្នាបានយ៉ាងល្អជាមួយសហព័ន្ធកីឡាជាតិ និងគ្រូបង្វឹក គ្រូជំនួយ ក្នុងការគ្រប់គ្រងលើការហាត់ហ្វឹកហ្វឺន វិន័យ សីលធម៌ ក្នុងការជ្រើសរើសអត្តពលិកដែលមានគុណផលកីឡាខ្ពស់ និងអភិវឌ្ឍធនធានកីឡាទទួលបានគុណផលកីឡាកម្រិតខ្ពស់ ព្រមទាំងមានសក្តានុពលបន្តចូលរួមប្រកួតប្រជែងដណ្តើមមេដាយការប្រកួតកីឡាយុវជនអាស៊ី លើកទី២០ ឆ្នាំ ២០២៦ នៅទីក្រុង Nagoya ប្រទេសជប៉ុន នាពេលខាងមុខនេះ។
រដ្ឋលេខាធិការក្រសួងអប់រំបញ្ជាក់ទៀតថា ជាមួយនឹងសមិទ្ធផលដ៏ធំធេងជាបន្តបន្ទាប់របស់ក្រុមជម្រើសជាតិកម្ពុជា ជាបន្តបន្ទាប់កន្លងទៅនេះបានគូសបញ្ជាក់ឱ្យឃើញថាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ការធ្វើប្រតិភូកម្មមុខងារ ការគាំទ្រថវិកាដល់សហព័ន្ធកីឡាជាតិ និងការអនុវត្តគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា មានប្រសិទ្ធភាព និងមានគណនេយ្យភាពល្អប្រសើរ។ ក្រសួងអប់រំ យុវជន និង កីឡា នៅតែបន្តលើកទឹកចិត្តជំរុញ និងចូលរួមសម្របសម្រួលលើការស្នើសុំគោលការណ៍រៀបចំការប្រកួតជើងឯក ក្នុងស្រុក និងការប្រកួតក្រៅប្រទេស ហើយក្រសួងនៅតែបន្តផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់ម្ចាស់ជ័យលាភីផងដែរ៕
ដោយ ហេង ណាលីន





