ការស្ថាបនាច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន មកដល់ពេលនេះ សម្រេចបាន ៦០%ហើយ
AKP ភ្នំពេញ ថ្ងៃទី0១ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។ការស្ថាបនាច្រាំងទន្លេនេះគឺដើម្បីការពារ ការបាក់ស្រុត ដែលធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងផ្ទះសម្បែងប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ច្រាំងទន្លេនោះ។

សូមជម្រាបផងដែរថា នៅក្នុងឆ្នាំ២០២៦ ការងារសាងសង់ច្រាំងទន្លេបាសាក់មានប្រវែង ៥០០ម៉ែត្រ។ ការងារសំខាន់ៗរួមមាន ១)ការងារបុកគ្រឹះ ២)រៀបបាវខ្សាច់ទប់ជើងក្រោមប្រើ Geotextile ៣)រៀបកញ្ច្រែងថ្ម ៤)ចាក់បេតុងធ្នឹមក្រវ៉ាត់ជើងក្រោម ៥)ធ្វើដីសម្រាប់ចាក់បេតុងជើងទេរ ៦)ធ្វើផ្លូវបេតុង ៧)ធ្វើបង្កាន់ដៃ និង ៨)ការចាក់ជើងទេរបេតុង។ គិតមកដល់ពេលនេះលទ្ធផលការងារសម្រេចបានប្រមាណ ៦០% បើតាមផែនការគម្រោងនេះនឹងបញ្ចប់នៅពេលខាងមុខឆាប់ៗនេះ៕


ដោយ វាសនា





