លោក យាន គីស៊ីវត្ថា៖ ការប្រមូលផ្តុំក្រុមជម្រើសជាតិធ្វើឡើង៣ដំណាក់កាល ដើម្បីត្រៀមការប្រកួតអន្តរជាតិធំៗ កម្រិតអាស៊ី
AKP ភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦--ការប្រមូលផ្តុំហាត់ហ្វឹកហ្វឺនរបស់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាត្រូវបានធ្វើឡើងចំនួន ៣ដំណាក់កាល ក្នុងឆ្នាំ២០២៦ ដើម្បីចូលរួមប្រកួតកីឡាអន្តរជាតិកម្រិតទ្វីបអាស៊ី ធំៗប្រចាំឆ្នាំ២០២៦នេះ។
នេះជាការលើកឡើងរបស់លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងឱកាសបើកវគ្គសិក្ខាសាលា ២ថ្ងៃ ពីថ្ងៃទី០១-០២ ខែមិថុនា ឆ្នាំ២០២៦ ស្ដីពីការរៀបចំទ្រឹស្ដី ផែនការហាត់ហ្វឹកហ្វឺន ដើម្បីពង្រឹងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិឆ្នាំ២០២៦ នៅព្រឹកថ្ងៃចន្ទនេះ ក្រោមវត្តមានគណៈអធិបតីឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ និងឯកឧត្ដម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា។

លោក យាន គីស៊ីវត្ថា គូសបញ្ជាក់ថា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានរៀបចំស្ដីវគ្គសិក្ខាសាលាស្ដីពី «ការរៀបចំទ្រឹស្ដី ផែនការហាត់ហ្វឹកហ្វឺន» ដើម្បីពង្រឹងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិឆ្នាំ២០២៦។ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនកីឡាបានទទួលការអនុញ្ញាតជាគោលការណ៍ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការប្រមូលផ្ដុំហាត់ហ្វឹកហ្វឺនក្រុមជម្រើសជាតិ ជា៣ដំណាក់កាល ដោយដំណាក់កាលទី១ រយៈពេល០២ខែ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ត្រៀមចូលរួមប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់នៅប្រទេសចិន កន្លងមកនេះ ទទួលបានមេដាយប្រាក់១គ្រឿង និងសំរឹទ្ធិ១គ្រឿង។

ដំណាក់កាលទី២ រយៈពេល ៧ខែ ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ត្រៀមចូលរួមប្រកួតកីឡាអាស៊ី លើកទី២០ នៅប្រទេសជប៉ុន និងក្រុមកីឡាថ្នាល ០៩ខែ ចាប់បីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២៦ ដំណាក់កាលទី៣ ចាប់ពីថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រៀមការប្រកួតអូឡាំពិក យុវជនរដូវក្ដៅ និងការប្រកួតអាស៊ីក្នុងសាល និងយុទ្ធគុនចម្រុះលើកទី៧ នៅអារ៉ាប់ប៊ីសាអូឌីត។

ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡារូបនេះបន្ថែមថា វគ្គសិក្ខាសាលានេះ ទទួលបានការអនុញ្ញាតជាគោលការណ៍ពី ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការរៀបចំទ្រឹស្ដី ផែនការណ៍ហាត់ហ្វឹកហ្វឺន មានសក្ខាកាមជាគ្រូបង្វឹក ក្រុមកីឡាជម្រើសជាតិ ក្រុមកីឡាថ្នាល និងក្រុមកីឡាជនពិការចំនួន៧៤នាក់ ក្នុងនោះគណៈកម្មការគ្រប់គ្រងវគ្គ ៥នាក់ គ្រូឧទ្ទេស ៥នាក់ អនុគណៈកម្មការសម្របសម្រួល ៣នាក់ អនុគណៈកម្មាការជំនួយការ ៣នាក់។ គោលបំណងនៃការរៀបចំវគ្គសិក្ខាសាលានេះឡើង គឺដើម្បីពង្រឹងបន្ថែមពីលើចំណេះដឹង និងចែករំលែកបទពិសោធន៍ ក្នុងការរៀបចំកម្មវិធីហ្វឹកហាត់ ប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ និងផែនការណ៍ហាត់ហ្វឹកហ្វឺន ក្នុងនាមជាគ្រូបង្វឹក ដោយមិនមែនត្រឹមតែជាអ្នករៀបចំផែនការបង្ហាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវយល់ដឹងច្បាស់លាស់លើជំនាញរបស់ខ្លួន វិធីសាស្ត្របង្ហាត់ របបអាហារូបត្ថមកីឡា ផ្នែកចិត្តសាស្ត្រកីឡា ផ្នែកសង្គ្រោះបឋម ផ្នែកទំនាក់ទំនង និងការប្រើប្រាស់ថ្នាំផ្សេងៗ ដែលអាចធ្វើឱ្យមានការប៉ះពាល់ដល់ការហ្វឹកហាត់ និងការប្រកួតជាដើម។

លោកបន្ថែមថា លោកគ្រូ អ្នកគ្រូគឺជាអាណាព្យាបាលទីពីររបស់កីឡាករ កីឡាការិនី ដែលត្រូវយកចិត្តទុកដាក់ ផ្ដល់ភាពកក់ក្ដៅ ភ្ជាប់ទំនាក់ទំនងល្អជាមួយគាត់ ទាំងលើទីលាន និងក្រៅទីលាន ទាំងវិន័យ សីលធម៌ក្នុងការដឹកនាំបង្ហាត់។ ជាពិសេសគឺការត្រៀមលក្ខណៈចូលរួមប្រកួទកីឡាអាស៊ីនៅប្រទេសជប៉ុន កីឡាស៊ីហ្គេម ឆ្នាំ២០២៧ និងត្រៀមទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០៣១ ដើម្បីបង្កើនគុណផលបច្ចេសកីឡា ក្នុងការចូលរួមប្រកួតដណ្ដើមមេដាយជូនជាតិ។
ចំពោះវឌ្ឍនភាពនៃការហាត់ហ្វឹកហ្វឺនត្រូវបាន លោក យាន គីស៊ីវត្ថា បានលើកបង្ហាញថា ឆ្នាំ២០២៥ ក្រសួងបានបញ្ជូនប្រភេទកីឡាចេញទៅប្រកួតអន្តរជាតិនានា ៣៧ លើក ក្នុងនោះទទួលបានមេដាយ ២៥៩ (មេដាយមាស៨០ ប្រាក់៩៨ សំរឹទ្ធិ ៨១)។ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ក្រសួងបានផ្ដល់ប្រាក់រង្វាន់ជូនគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ពីការប្រកួតជើងឯកពិភពលោក ជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ លើ១៦ប្រភេទកីឡា មាស៧៩ ប្រាក់៩៨ សំរឹទ្ធិ១០៨ សរុប ២៨៥គ្រឿង ទឹកប្រាក់ចំនួន (ប្រាំប៊ីលាន ប្រាំបួនរយបីលាន បួនរយពាន់រៀលគត់)។ ឆ្នាំ២០២៦ កម្ពុជាបានចូលរួមប្រកួតកីឡាឆ្នេរខ្សាច់អាស៊ី ទទួលបានមេដាយប្រាក់១គ្រឿង និងសំរឹទ្ធិ១គ្រឿង។ ឆ្នាំ២០២៦ ក្រសួងបានបញ្ជូនប្រភេទកីឡាទៅចូលរួមការប្រកួតអន្តរជាតិនានា ក្នុងនោះមានកីឡាហែលទឹកពាក់ជើងទាចូលរួមប្រកួតអន្តរជាតិ នៅម៉ាឡេស៊ី ដោយទទួលបានមេដាយ ១៦គ្រឿង (មាស១៥ សំរឹទ្ធិ ១)៕
ដោយ ហេង ណាលីន





