រយៈពេល ៣ថ្ងៃ ប្រតិបត្ដិការប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាលើទីតាំង៨១ រកឃើញជនបរទេសស្នាក់នៅ ៧០៥នាក់
AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ -- ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានធ្វើការចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួនក្នុងពេល ៣ថ្ងៃ (ថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦) ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ នេះបើយោងតាមលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ បានឱ្យដឹងនាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦ នេះ។

លោកស្រីអ្នកនាំពាក្យ បានបន្តថា ក្នុងកិច្ចប្រតិបត្តិការតាមទីតាំងខាងលើ ជាលទ្ធផលគណៈបញ្ជាការឯកភាពខណ្ឌបានធ្វើការត្រួតពិនិត្យទីតាំងសរុបចំនួន ៨១ទីតាំង ដោយរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៧០៥នាក់ (ស្រី ១៧៤នាក់) ក្នុងនោះជនបរទេសចំនួន ២៤នាក់ ស្នាក់នៅដោយគ្មានលិខិតឆ្លងដែន ឬឯកសារត្រឹមត្រូវ ដែលត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធីផ្លូវច្បាប់។


នេះជាកិច្ចខិតខំប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ដែលបានអនុវត្តតាមការបញ្ជាផ្ទាល់របស់ឯកឧត្ដម ឃួង ស្រេង ដែលទទួលបានលទ្ធផលល្អជាបន្តបន្ទាប់។ លោកស្រី បានបន្តទៀតថា នៅថ្ងៃជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ ស្របតាមអនុក្រឹត្យលេខ០៣ អនក្រ.បក មាត្រា២០ ជំពូកទី៦ ស្ដីពីទណ្ឌកម្ម បានផាកពិន័យសរុបចំនួន ៤ទីតាំង មនុស្សចំនួន ១៩នាក់ គិតជាថវិកាសរុបបានចំនួន ៧៦.០០០.០០០រៀលផងដែរ៕


ដោយ៖ សួស សំរិត





