នាយកដ្ឋានអប់រំយុវជន និងកុមារ នៃអគ្គនាយកដ្ឋានយុវជនក្រសួងអប់រំបើកវគ្គប្រកួតជម្រុះជុំទី៣ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៦
AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ -- នាយកដ្ឋានអប់រំយុវជន និងកុមារ នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំបើកការប្រកួតវគ្គជម្រុះជុំទី៣ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលម៉ានី ដោយនាឱកាសនោះ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ភាពជោគជ័យរបស់ប្អូនៗបេក្ខជនទាំង ៨ក្រុម នាពេលវេលានេះ គឺបានមកពីកត្តាចម្បងនៃការសាមគ្គី និងការសហការគ្នាយ៉ាងជិតស្និទ្ធនៅក្នុងក្រុម ពីព្រោះថាការសាមគ្គីល្អ រួមផ្សំជាមួយសមត្ថភាព ចំណេះដឹង ការស្រាវជ្រាវ បំណិននៃការវិភាគ និងភាពក្លាហាន ដែលនឹងនាំមកនូវភាពជោគជ័យយ៉ាងពិតប្រាកដ។
ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា គ្រប់កម្មវិធីទាំងអស់របស់អគ្គនាយកដ្ឋានយុវជន គឺសុទ្ធសឹងតែជាសកម្មភាពក្រៅម៉ោងសិក្សាដែលត្រូវបានបង្កើតឡើងដើម្បីជំរុញគុណភាពនៃការសិក្សារបស់យុវជន។ ជាក់ស្ដែង កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិនេះ មិនត្រឹមតែជាការប្រកួតនៅលើវេទិកាប៉ុណ្ណោះទេ ប៉ុន្តែជាសាលាបណ្ដុះបណ្ដាលសមត្ថភាពជាក់ស្ដែង ដែលជួយសូនរូបយុវជនសតវត្សរ៍ទី២១ ឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិ។ ឯកឧត្តមបន្តថា គោលដៅសំខាន់នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ រួមមាន៖ ១.បណ្ដុះវប្បធម៌នៃការអត់ឱន ឬសីលធម៌ក្នុងការពិភាក្សា ២.ពង្រឹងការត្រិះរិះពិចារណា ៣.បណ្ដុះស្មារតីទទួលខុសត្រូវ កសាងភាពជឿជាក់ និងភាពជាអ្នកដឹកនាំ និង ៤.ពង្រឹងសិល្បៈនៃការទំនាក់ទំនង និងសហប្រតិបត្តិការ។


ឯកឧត្តម សេរី ជំនះ បានណែនាំថា នៅក្នុងការជជែកដេញដោល យុវជនត្រូវចេះរៀនផ្ដល់តម្លៃឱ្យ “មតិផ្ទុយ”។ ការចេះស្ដាប់ដោយយកចិត្តទុកដាក់ និងតបតវិញដោយសម្ដីថ្លៃថ្នូរ គឺជាវប្បធម៌សន្តិភាពដ៏សំខាន់សម្រាប់សង្គមជាតិកម្ពុជា។ ឯកឧត្តមបានផ្ដល់អនុសាសន៍ថា ចូរប្អូនៗដំឡើងកម្រិតហេតុផល អំណះអំណាង ជាជាងការដំឡើងកម្រិតសំឡេងរបស់ប្អូន ព្រោះអំណាចនៃចំណេះដឹង និងភស្តុតាងវាខ្លាំងជាងអំណាចនៃសំឡេងទៅទៀត។ ឯកឧត្ដមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារនៃនាយកដ្ឋានអប់រំយុវជននិងកុមារ និងយុវជនស្ម័គ្រចិត្ត ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តចូលរួមជួយសម្របសម្រួលកម្មវិធីមួយនេះឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់។
សូមជ្រាបថា វគ្គជម្រុះជុំទី៣ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២៦ នេះ មានបេក្ខភាពប្រកួតសរុបចំនួន ៨ក្រុម រួមមាន វិទ្យាល័យ ហ៊ុន សែន ទឹកផុស ខេត្តកំពង់ឆ្នាំង វិទ្យាល័យព្រះយុគន្ធរ សាលារៀនជំនាន់ថ្មី រាជធានីភ្នំពេញ វិទ្យាល័យដំដែក ខេត្តសៀមរាប វិទ្យាល័យប្រមូលព្រហ្ម ខេត្តព្រៃវែង សាលាប៊ែលធីអន្តរជាតិ រាជធានីភ្នំពេញ សាលាមីគីវ៉េ រាជធានីភ្នំពេញ វិទ្យាល័យ ហ៊ុន សែន វាលរេញ ខេត្តព្រះសីហនុ និងវិទ្យាល័យពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សូមជម្រាបថា សម្រាប់ការប្រកួតនេះមានបេក្ខជនចំនួន ៤ក្រុម ដែលបានជាប់បន្តទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្ទាប់ពីបានឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ និងការដាក់ពិន្ទុប្រកបទៅដោយសុក្រឹតភាព និងតម្លាភាពក្នុងវគ្គជម្រុះជុំទី៣ រួចមក ដែលរួមមាន វិទ្យាល័យដំដែក ខេត្តសៀមរាប វិទ្យាល័យ ហ៊ុន សែន វាលរេញ ខេត្តព្រះសីហនុ សាលាប៊ែលធីអន្តរជាតិ រាជធានីភ្នំពេញ និងវិទ្យាល័យព្រះយុគន្ធរ សាលារៀនជំនាន់ថ្មី៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)





