រដ្ឋមន្ត្រីក្រសួងអប់រំអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងជម្នះរាល់ការលំបាករហូតបានបញ្ចប់ការសិក្សាដោយជោគជ័យ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ -- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងជម្នះរាល់ការលំបាករហូតបានបញ្ចប់ការសិក្សាដោយជោគជ័យនាពេលនេះ និងថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ដែលតែងតែលះបង់កម្លាំងកាយចិត្តក្នុងការផ្ទេរចំណេះដឹង និងផ្តល់ឱកាសដល់យុវជនកម្ពុជាឱ្យទទួលបាននូវចំណេះដឹង បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា ដើម្បីក្លាយជាធនធានមនុស្សដ៏រឹងមាំសម្រាប់ប្រទេសជាតិ។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីលើកទី១២ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា និស្សិតជ័យលាភីទាំងអស់ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងយុគសម័យឌីជីថលនេះ ដោយគូសបញ្ជាក់ថា វិធីសាស្ត្រនៃការសិក្សាត្រូវមានការផ្លាស់ប្តូរពីការរៀនបែបទន្ទេញចាំមាត់ មកជាការរៀនបែបត្រិះរិះពិចារណា ត្រូវចេះវិភាគ និងដោះស្រាយបញ្ហា ពង្រឹងភាពជាអ្នកដឹកនាំ ព្រមទាំងយកចិត្តទុកដាក់លើការសិក្សាភាសាបរទេស ដើម្បីប្រើប្រាស់បច្ចេកវិទ្យានេះបានពេញលេញ ទន្ទឹមគ្នានឹងការថែរក្សាគុណតម្លៃនៃភាសាជាតិ។



ឯកឧត្តមបន្តថា នៅក្នុងបរិបទដែលបញ្ញាសិប្បនិម្មិត (AI) កំពុងមានឥទ្ធិពលយ៉ាងខ្លាំងលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំ យុវជនអាចទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះដើម្បីសិក្សារៀនសូត្រ និងធ្វើស្វ័យសិក្សាបានរហ័ស និងទូលំទូលាយ ប៉ុន្តែក៏ទាមទារឱ្យមានការប្រុងប្រយ័ត្ន និងប្រើប្រាស់ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ផងដែរ។ ជាមួយនឹងភាពជោគជ័យនាពេលនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់និស្សិតជ័យលាភីទាំងអស់ ត្រូវបន្តខិតខំសិក្សារៀនសូត្របន្ថែមទៀត ព្រោះការសិក្សាគ្មានទីបញ្ចប់ និងគ្មានព្រំដែនកំណត់ឡើយ ហើយចំណេះដឹងទាំងនេះនឹងក្លាយជាយានសម្រាប់អភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូលនៅក្នុងយុគសម័យឌីជីថលនេះ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានលើកឡើងពីការអប់រំតាមបែបព្រះពុទ្ធសាសនា ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការជួយពង្រឹងសតិស្មារតីរបស់យុវជនតាមរយៈការប្រតិបត្តិ “សមាធិ និងបញ្ញា” ដោយការអប់រំផ្លូវចិត្តនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះមូលធនមនុស្សឱ្យពោរពេញដោយគុណធម៌ សីលធម៌ វិន័យ ភាពអត់ធ្មត់ និងការទទួលខុសត្រូវខ្ពស់ ដែលស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)





