អគារជំងឺទូទៅ ព្រះសង្ឃ និងមនុស្សចាស់នៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ចាក់ប្លង់សេជាន់ទី១ ឆ្ពោះទៅរកការកាត់បន្ថយការធ្វើដំណើរទៅព្យាបាលឆ្ងាយរបស់ពលរដ្ឋ
AKP បន្ទាយមានជ័យ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦-- វិស័យសុខាភិបាលនៅក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កំពុងបោះជំហានរីកចម្រើនយ៉ាងគួរឱ្យកត់សម្គាល់ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍន៍ឱ្យមានការរីកចម្រើនលើគ្រប់វិស័យនៅគ្រប់មូលដ្ឋាន។ ជាក់ស្តែង ដំណើរការសាងសង់អគារជំងឺទូទៅ ព្រះសង្ឃ និងមនុស្សចាស់ នៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ បានឈានដល់ដំណាក់កាលថ្មីមួយទៀតហើយ ដោយបានរៀបចំពុម្ភចាក់ប្លង់សេជាន់ទី១ រួចរាល់ជាស្ថាពរ។
លោក ហឿន វរ អភិបាលស្រុកព្រះនេត្រព្រះ បានលើកបង្ហាញឱ្យដឹងកាលពីរសៀលថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៦នេះថា សមិទ្ធផលសុខាភិបាលដ៏ធំធេងមួយនេះ គឺកើតចេញពីការគិតគូរយ៉ាងស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងការខិតខំដោះស្រាយ និងបំពេញតម្រូវការចាំបាច់របស់មន្ទីរពេទ្យ ដើម្បីបង្កើនសមត្ថភាពផ្ដល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងភាពងាយស្រួល។ «សមិទ្ធផលនេះនឹងជួយបំពេញតម្រូវការចាំបាច់បំផុតរបស់មន្ទីរពេទ្យបង្អែកក្នុងការផ្ដល់សេវាព្យាបាលជូនប្រជាពលរដ្ឋ។ អ្វីដែលជាផលប្រយោជន៍ផ្ទាល់សម្រាប់បងប្អូនប្រជាពលរដ្ឋ គឺពួកគាត់មិនចាំបាច់ចំណាយពេលវេលា និងថវិកាធ្វើដំណើរទៅរកសេវាព្យាបាលនៅឆ្ងាយៗដូចមុនទៀតនោះទេ»។ នេះជាការបញ្ជាក់យ៉ាងម៉ឺងម៉ាត់របស់លោកអភិបាលស្រុក។

យោងតាមរបាយការណ៍បច្ចេកទេស អគារជំងឺទូទៅ ព្រះសង្ឃ និងមនុស្សចាស់ ថ្មីនេះមានលក្ខណៈស្តង់ដារ កម្ពស់៣ជាន់ សមត្ថភាពផ្ទុកចំនួន៥០គ្រែ ស្ថានភាពបច្ចុប្បន្ន បានរៀបចំពុម្ព និងចាក់ប្លង់សេជាន់ទី១ រួចរាល់។ ក្រៅពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ វឌ្ឍនភាពនៃការសាងសង់ដ៏រលូននេះ ក៏មិនអាចកាត់ផ្ដាច់បានពី «ចលនាសាមគ្គីធម៌» ផងដែរ។ រាល់ថវិកាដែលបានបរិច្ចាគយ៉ាងសស្រាក់សស្រាំពីសំណាក់សប្បុរសជនគ្រប់ទិសទី បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការបន្តលទ្ធភាពឱ្យដំណើរការសាងសង់នេះ ប្រព្រឹត្តទៅដោយគ្មានការរអាក់រអួល។

ការលេចរូបរាងឡើងនៃអគារពេទ្យកម្ពស់៣ជាន់នេះ មិនត្រឹមតែជាការផ្លាស់ប្ដូរមុខមាត់ថ្មីនៃហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅក្នុងស្រុកព្រះនេត្រព្រះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពបញ្ជាក់ពីការរួមគ្នារវាងរដ្ឋបាលខេត្ត-ស្រុក និងប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពសហគមន៍ឱ្យកាន់តែប្រសើរឡើងប្រកបដោយចីរភាព៕
ដោយ ឈុន សារ៉ាត





