ពង្រឹងជំនាញបដិសណ្ឋារកិច្ចដល់សហគមន៍អាងត្រពាំងថ្មជាក្បាលម៉ាស៊ីនថ្មីក្នុងការទាក់ទាញទេសចរ និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន
AKP បន្ទាយមានជ័យ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦--វិស័យទេសចរណ៍សហគមន៍នៅខេត្តបន្ទាយមានជ័យ កំពុងបោះជំហានទៅមុខយ៉ាងរឹងមាំ តាមរយៈការវិនិយោគលើ "ធនធានមនុស្ស" ដែលជាបេះដូងនៃសេវាកម្ម។ ជាក់ស្តែង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ វគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) លើមុខជំនាញ មគ្គុទេសក៍ទេសចរណ៍សហគមន៍ ត្រូវបានបិទបញ្ចប់ប្រកបដោយជោគជ័យ ក្រោមវត្តមានលោក ឈឿន សេរីវុធប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលដែលបានប្រព្រឹត្តទៅនៅសាលាឃុំប៉ោយចារ ស្រុកភ្នំស្រុក លោក ឈឿន សេរីវុធ បានសង្កត់ធ្ងន់ថា ការបណ្ដុះបណ្ដាលគណៈកម្មការសហគមន៍ចំនួន ១៦ នាក់នាពេលនេះ គឺជាផ្លែផ្កានៃការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លារបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍។

"ការជំរុញចំណេះដឹងផ្នែកបដិសណ្ឋារកិច្ចដល់បងប្អូនសហគមន៍ គឺជាយុទ្ធសាស្ត្រគន្លឹះដើម្បីប្រែក្លាយតំបន់ការពារធម្មជាតិ ឱ្យទៅជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព។ កាលណាពួកគាត់មានជំនាញច្បាស់លាស់ វានឹងជួយទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើន និងស្នាក់នៅបានយូរ"។ នេះជា ប្រសាសន៍របស់លោក ឈឿន សេរីវុធ។

លោកប្រធានមន្ទីរទេសចរណ៍បានបន្ថែមថា ជំនាញមគ្គុទេសក៍មិនត្រឹមតែជាការនាំភ្ញៀវដើរមើលប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចេះរៀបចំសាច់រឿង ការទទួលស្វាគមន៍ដោយស្នាមញញឹម និងការផ្តល់សេវាកម្មប្រកបដោយស្តង់ដារ ដែលធ្វើឱ្យភ្ញៀវមានអារម្មណ៍កក់ក្តៅដូចនៅផ្ទះ។
តំបន់ការពារធម្មជាតិទេសចរណ៍អាងត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក មិនត្រឹមតែជាអាងស្តុកទឹកសម្រាប់កសិកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺជា "មរតកធម្មជាតិដ៏មានតម្លៃ"របស់ខេត្តបន្ទាយមានជ័យឋានសួគ៌បក្សីកម្រជាទីជម្រកដ៏សំខាន់បំផុតរបស់ "សត្វក្រៀល" ដែលជាប្រភេទសត្វកម្រជិតផុតពូជ និងបក្សីទឹកជាច្រើនប្រភេទទៀត ដែលជាចំណុចទាក់ទាញបំផុតសម្រាប់អ្នកទេសចរបែបធម្មជាតិ និងអ្នកថតរូប។
ទេសភាពវប្បធម៌ និងប្រវត្តិសាស្ត្រ ក្រៅពីផ្ទៃទឹកដ៏ធំល្វឹងល្វើយ ភ្ញៀវទេសចរអាចស្វែងយល់ពីប្រវត្តិសាស្ត្រនៃការកសាងអាងនេះ និងជីវភាពរស់នៅបែបស្រុកស្រែចម្ការដ៏រស់រវើក។សកម្មភាពទេសចរណ៍ចម្រុះការជិះទូកកម្សាន្តមើលថ្ងៃរៀបលិច ការទស្សនាសត្វស្លាប និងការទទួលទានអាហារសហគមន៍ដែលមានរសជាតិដើម គឺជាសក្តានុពលដែលមិនអាចរំលងបាន។
វគ្គបណ្តុះបណ្តាលរយៈពេល ៣ ថ្ងៃ (១១-១៣ ឧសភា) នេះ គឺជាស្ពានចម្លងឱ្យសហគមន៍មូលដ្ឋានចេះទាញយកអត្ថប្រយោជន៍ពីសក្តានុពលធម្មជាតិរបស់ខ្លួន មកបង្កើតជាចំណូលសេដ្ឋកិច្ច។ តាមរយៈកម្មវិធី HoKa នេះ មន្ទីរទេសចរណ៍រំពឹងថា សហគមន៍អាងត្រពាំងថ្មនឹងក្លាយជាគំរូនៃ "ទេសចរណ៍បៃតង" ដែលមិនត្រឹមតែផ្តល់ការកម្សាន្ត ប៉ុន្តែថែមទាំងចូលរួមអភិរក្សធនធានធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។
ការពង្រឹងសមត្ថភាពដល់សហគមន៍នាពេលនេះ គឺជាសញ្ញាវិជ្ជមានដែលបង្ហាញថា ខេត្តបន្ទាយមានជ័យកំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទទួលយកបទពិសោធន៍ថ្មីប្លែក នៅលើទឹកដីនៃសត្វក្រៀលដ៏ស្រស់ត្រកាលមួយនេះ៕
ដោយ ឈុន សារ៉ាត





