រដ្ឋបាលខេត្តតាកែវប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
AKP តាកែវ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦--រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ព្រះជន្ម៧៣យាងចូល៧៤ព្រះវស្សា។ពិធីនេះរៀបចំឡើងនៅសួនច្បារមាត់បឹងតាកែវ ស្ថិតនៅក្នុងសង្កាត់រកាក្នុងក្រុងដូនកែវខេត្តតាកែវ កាលពីព្រឹកថ្ងៃពុធទី13 ខែឧសភា ឆ្នាំ២០២៦។អញ្ជើញជាអធិបតីក្នុងពិធីនោះដោយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួម ពីព្រះមេគណខេត្តតាកែវទាំង២គណៈ ឯកឧត្តម លោកជំទាវសមាជិកសមាជិកាក្រុមប្រឹក្សាខេត្តតាកែវ អភិបាលរងខេត្តតាកែវ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ដូនជី តាជី ក្រុមយុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ។

ក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ តំណាងឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តតាកែវ បានលំឱនកាយវាចាចិត្តក្រាបបង្គំទូលថ្វាយ នូវព្រះសព្ទសាធុការពរបវរមហាប្រសើរ សិរីសួស្ដីជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិត
លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។យើងខ្ញុំទាំងអស់គ្នាជាប្រជានុរាស្ត្ររបស់ព្រះអង្គ សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបារមីព្រះបរមរតនកោដ្ឋ សូមជួយអភិបាលគ្រងរក្សាព្រះអង្គ សូមទ្រង់សមប្រកបដោយព្រះពុទ្ធពរទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លាតឡើយ។
ឯកឧត្តម វ៉ី សំណាង បានថ្លែងបន្តថា ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជាអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត ក្រាបថ្វាយនូវកតញ្ញូតាធម៌និងកត្តវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជបញ្ញាញាណនិងព្រះរាជកម្មសកម្មភាពដ៏ឧត្តុងឧត្តមថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ ក្នុងការជម្រុញការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ការទូត សាសនា អប់រំសិក្សាធិការ វប្បធម៌ មនុស្សធម៌ និង ជីវភាពរស់នៅរបស់ប្រជានុរាស្រ្តក្នុងម្លប់នៃសន្តិភាព ឱ្យរឹងរឹតតែមានភាពរីកចម្រើនជឿនលឿន ប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត ចំរុងចម្រើននិងរុងរឿង។

ឯកឧត្តមអភិបាលខេត្តតាកែវ វ៉ី សំណាង ក៏បានលើកឡើងពីទឹកចិត្តស្វាមីភក្តិ និងដង្ហែតាមព្រះរាជមាគ៌ានយោបាយដ៏ភ្លឺស្វាង ពោរពេញទៅដោយព្រះរាជគតិបណ្ឌិតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្រាប់ជានិមិត្តរូបនៃឯករាជ្យភាព អធិបតេយ្យភាព វឌ្ឍនភាព និងបូរណភាពទឹកដីនៃព្រះរាជណាចក្រកម្ពុជា៕
ដោយ អ៊ុច សៀង





