សាកលវិទ្យាល័យជាតិមានជ័យចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយវិទ្យាល័យសាធារណៈចំនួន៣០ នៅក្នុងខេត្តបន្ទាយមានជ័យ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦--ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានឧត្តមសិក្សា ជាមួយគ្រឹះស្ថានមធ្យមសិក្សារដ្ឋទាំង៣០ ក្នុងខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងរួមចំណែកលើកកម្ពស់គុណភាពអប់រំ បង្កើនឱកាសសិក្សាបន្ត និងជំរុញការអភិវឌ្ឍន៍មូលធនមនុស្សឆ្លើយតបបានទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពិសេសសម្រាប់ខេត្តបន្ទាយមានជ័យផ្ទាល់ សាកលវិទ្យាល័យជាតិមានជ័យ និងវិទ្យាល័យសាធារណៈទាំង៣០ នៅក្នុងខេត្តបន្ទាយមានជ័យ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្រោមវត្តមានចូលរួមពី ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិមានជ័យ។

គោលបំណងសំខាន់ៗនៃអនុស្សរណៈនេះ រួមមាន៖ ១.គាំទ្រ និងជំរុញសិស្សានុសិស្សឱ្យបន្តការសិក្សានៅសាកលវិទ្យាល័យជាតិមានជ័យ, ២.រៀបចំពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការធ្វើទស្សនកិច្ចសិក្សា ,៣. សហការស្វែងរក និងអនុវត្តគម្រោងអភិវឌ្ឍន៍នានា, ៤.រៀបចំវគ្គបំប៉នមុខវិជ្ជាសំខាន់ៗសម្រាប់សិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង ៥.ជំរុញការគាំទ្រគ្នាទៅវិញទៅមក ពិសេសការប្រើប្រាស់ធនធានមួយចំនួន ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់សាកលវិទ្យាល័យ និងសហការផ្តល់ឱកាសអាហារូបករណ៍ឱ្យកាន់តែទូលំទូលាយដល់សិស្ស និងគ្រូបង្រៀន។

នាឱកាសនេះ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា បានណែនាំដល់តំណាងវិទ្យាល័យទាំង៣០ សូមឱ្យចែករំលែកធនធានរូបវ័ន្តរបស់សាកលវិទ្យាល័យចំពោះសិស្សវិទ្យាល័យ ផ្ដល់ជូនសិស្សវិទ្យាល័យដើម្បីទស្សនកិច្ចសិក្សា និងឈ្វេងយល់ពីជំនាញសម្រាប់នៅសាកលវិទ្យាល័យក្នុង១ឆ្នាំឱ្យបាន២ដង ផ្ដល់បច្ចេកទេសក្នុងការបង្រៀនជំនាញកុំព្យូទ័រ និងភាសាបរទេសដល់សិស្សានុសិស្សជាដើម៕

ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





