អង្គការ WWF បង្ហាញសមិទ្ធផលដ៏សំខាន់មួយសម្រាប់កិច្ចការអភិរក្ស សត្វផ្សោតនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៦--ការចុះបញ្ជីដីធ្លីសម្រាប់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ក្នុងតំបន់ស្នូលទី២ ក្នុងខេត្តស្ទឹងត្រែង ត្រូវបានសម្រេចជាស្ថាពរ ហើយនេះ គឺជាលទ្ធផលដ៏សំខាន់មួយក្នុងការធានាអនាគតប្រកបដោយសុវត្ថិភាពសម្រាប់សត្វផ្សោតទន្លេមេគង្គ និងការពារបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា។

មន្ត្រីអង្គការ WWF បានឱ្យដឹងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ថា ក្នុងនាមជាដៃគូរយៈពេលវែងរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការ WWF-កម្ពុជា មានមោទនភាពក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នាជាមួយរដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន ឆ្មាំទន្លេ និងសហគមន៍មូលដ្ឋាន។ កិច្ចសហការទាំងនេះបានរួមចំណែកដល់ការស្តារឡើងវិញជាបន្តបន្ទាប់នៃចំនួនសត្វផ្សោតទន្លេមេគង្គកម្ពុជា។

ការធានា និងការពារទីជម្រកសំខាន់ៗ គឺមានសារៈសំខាន់ក្នុងការធានាថា «ស្នាមញញឹមនៃទន្លេមេគង្គ» នឹងបន្តផ្តល់ក្តីសង្ឃឹម និងការបំផុសគំនិតដល់មនុស្សជំនាន់សម្រាប់ការងារអភិរក្ស ៕


ដោយ ណយ នឿន (ប្រភព៖WWF)





