ក្រសួងបរិស្ថានបើកទូលាយដល់វិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីកម្ពុជាស្អាត បៃតង សម្រាប់មនុស្សជំនាន់ក្រោយ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងដោយជំរុញឱ្យមានការចូលរួមសំណាក់វិស័យឯកជនក្នុងការគាំទ្រកិច្ចការពារបរិស្ថាន ការគ្រប់គ្រងសំណល់ ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក៏ដូចជាការលើកកម្ពស់ការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចចីរភាពរបស់កម្ពុជា។
គួរបញ្ជាក់ថា ការថ្លែងបែបនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមពីសំណាក់ថ្នាក់ដឹកនាំនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដឹកនាំដោយឧកញ៉ា តែ តាំងប៉ ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជានៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។


ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងការគាំទ្រសកម្មភាពបរិស្ថាន និងបានលើកទឹកចិត្តឱ្យវិស័យឯកជនបន្តពង្រឹងភាពជាដៃគូជាមួយក្រសួងបរិស្ថាន ដើម្បីរួមចំណែកសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកម្ពុជាស្អាត បៃតង និងមានចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ។
ទាក់ទិនក្នុងរឿងនេះ ឧកញ៉ា តែ តាំងប៉ បានថ្លែងដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់សម្ព័ន្ធសមាគម ក្នុងការសហការជាមួយក្រសួងបរិស្ថានលើការរៀបចំកម្មវិធី សកម្មភាពនានា ជាពិសេសវេទិកាសាធារណៈ ដើម្បីលើកកម្ពស់ការយល់ដឹង និងការអនុវត្តអាជីវកម្មបៃតងនៅកម្ពុជា៕



ដោយ៖ មករា





