“រួមគ្នាបន្តការពារកម្មករនិយោជិតពីភាពតានតឹងដោយកម្តៅ និងលើកកម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ”
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦---
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ» ក្រោមប្រធានបទ “រួមគ្នាបន្តការពារកម្មករនិយោជិតពីភាពតានតឹងដោយកម្ដៅ និងលើកកម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ” នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេ ញ ក្នុងអង្គពិធីដែលមានអ្នកចូលរួមប្រមាណ ១ ៣០០នាក់។

ថ្លែងនាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីគូសបញ្ជាក់ថា ប្រធានបទដ៏សំខាន់សម្រាប់កម្ពុជាក្នុងការប្រារព្ធពិធីនេះ គឺដើម្បីជំរុញការប្រុងប្រយ័ត្ននិងការយក ចិត្តទុកដាក់បន្ថែមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងបំណងស្វែងយល់ពីផលប៉ះពាល់នៃភាពតានតឹងដោយកម្តៅ និងភាពតាន តឹងផ្លូវចិត្តហើយរួមគ្នារៀបចំវិធានការទប់ស្កាត់ឱ្យបានគ្រប់ជ្រុង ជ្រោយ។
ឯកឧត្តមបន្តថា ការប្រែប្រួលអាកាស ធាតុកំពុងជះឥទ្ធិពលអវិជ្ជមានដល់បរិស្ថាននិងសុខភាពមនុស្សទូទាំងពិភពលោក ហើយមិនមែនជារឿងដាច់ដោយឡែកសម្រាប់កម្ពុជានោះទេ ដែលនាំឱ្យអង្គការ ILO បង្កើតអនុសញ្ញា ១៥៥ និង ១៨៧ ដែលផ្តោតលើសុវត្ថិភាពនិងសុខភាពការងារ។
ឯកឧត្តម ហេង សួរ បានពន្យល់យ៉ាងលម្អិតអំពីមូលហេតុបង្កនៃបញ្ហាទាំងពីរនេះ ដោយបញ្ជាក់ថា ក្រសួងបាននិងកំពុងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីធានាប្រសិទ្ធភាពនៃការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ការងារ។ ក្នុងនោះ ក្រសួងបានពង្រឹងប្រព័ន្ធគ្រប់ គ្រងសុវត្ថិ ភាព និងសុខភាពការងារ (OSH) នៅតាមបណ្តាសហគ្រាស គ្រឹះស្ថាន តាម រយៈការរៀបចំកម្មវិធីបណ្ដុះ បណ្ដាល ការចុះត្រួតពិនិត្យ និងការតាមដានយ៉ាង សកម្ម។ ជាពិសេស ក្នុងស្មារតីបុរេសកម្ម ក្រសួងកំពុងរៀបចំសេចក្ដីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ដែលរួមបញ្ចូលទាំងវិធានការការពារភាពតានតឹងដោយកម្ដៅ និងការលើកកម្ពស់សុខភាពផ្លូវចិត្ត ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែផ្ដល់អាទិភាពខ្ពស់បំផុតលើសុខុមាលភាពរបស់បងប្អូនកម្មករនិយោ ជិត។

ទន្ទឹមនឹងការពង្រឹងយន្តការអនុវត្តច្បាប់ និងការចុះវាយតម្លៃហានិភ័យនៅកន្លែងធ្វើការ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការវិនិយោគលើប្រព័ន្ធគ្រប់គ្រងកម្ដៅ និងគិតគូរពីសុខភាពផ្លូវចិត្តដល់បងប្អូនកម្មករនិយោជិត មិនមែនជាបន្ទុកចំណា យនោះទេ ប៉ុន្តែគឺជាការវិនិយោគយុទ្ធសាស្ត្រដើម្បីបង្កើនផលិតភាព និងធានានិរន្តរភាពអាជីវកម្ម។
ក្នុងន័យនេះ ក្រសួងនឹងដាក់ឱ្យសាក ល្បងនូវប្រព័ន្ធបច្ចេកទេសស្វ័យប្រវត្តិ ដើម្បីតាមដានកម្រិតកម្ដៅ ជាតិពុល ក្លិនស្អុយ ខ្យល់ និងសំណើមនៅតាមរោងចក្រ។ ជាមួយគ្នានេះ យុទ្ធនាការអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នៃភាពតានតឹងដោយកម្តៅ និងសុខភាពផ្លូវចិត្ត ក៏កំពុងត្រូវបានជំរុញយ៉ាងសកម្ម ដើម្បីធានាបាននូវបរិយាកាសការងារប្រកប ដោយសុវត្ថិភាព និងផាសុកភាពពិតប្រាកដ។
បន្ថែមលើវិធានការបច្ចេកទេស ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ឱ្យអធិការពេទ្យការងារ បន្តពង្រឹងតួនាទីរបស់ខ្លួនឱ្យបានពេញលេញ ក្នុងការជំរុញឱ្យតាមបណ្តាសហគ្រាស រោងចក្រ រៀបចំប្រព័ន្ធតាមដានកម្ដៅ និងប្រព័ន្ធផ្ដល់ព័ត៌មានរហ័ស ក៏ដូចជាប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ (OSH) ឱ្យមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យមានការបន្តសហការជាមួយដៃគូអភិវឌ្ឍន៍ និងប្រើប្រាស់យន្តការត្រីភាគី ដើម្បីពង្រីកវិសាលភាពនៃការការពារកម្មករនិយោជិតឱ្យកាន់តែទូលំទូលាយ។

ទន្ទឹមនឹងការខិតខំរបស់ក្រសួង សហ ជីព និងម្ចាស់សហគ្រាស ឯកឧត្តម ហេង សួរ ក៏បានអំពាវនាវដល់បងប្អូនកម្មករនិយោជិត ត្រូវចូលរួមអនុវត្តវិធានសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន និងត្រូវ «ហ៊ាន» រាយការណ៍រាល់សកម្មភាពមិនអនុលោមភាពពាក់ព័ន្ធនឹងសុវត្ថិភាពការងារ តាមរយៈលេខទូរស័ព្ទ hotline ១២៨៦ ឬស្កែន QR Code បណ្ដឹងអនាមិក។
ជាមួយគ្នានេះ ឯកឧត្តមបានរំលឹកឱ្យគ្រប់រោងចក្រត្រូវប្រាកដថា មានការបង្កើតគណៈកម្មាធិការសុខភាព និងសុវត្ថិភាពការងារ ដើម្បីជាសេនាធិកា រក្នុងកិច្ចការបង្ការគ្រោះថ្នាក់ផ្សេងៗ។ ឯកឧត្តមរដ្ឋមន្ត្រីមានជំនឿយ៉ាងមុតមាំថា កិច្ចសហការ និងការយកចិត្តទុកដាក់ខ្ពស់លើសុខភាពផ្លូវចិត្ត និងការបង្ការភាពតានតឹងដោយកម្ដៅនេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការលើកកម្ពស់គុណភាពជីវិតកម្មករនិយោជិត និងសេដ្ឋកិច្ចជាតិទាំងមូល។
លោក ទុន សុភ័ណ្ឌ មន្រ្តីសម្របសម្រួលថ្នាក់ជាតិនៃអង្គការ ILO, លោក He Enjia ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិត ផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងលោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាបានលើកឡើងពីសារៈសំខាន់នៃការបង្ការភាពតានតឹងដោយកម្ដៅនិងសុខភាពផ្លូវចិត្ត ប្តេជ្ញាបន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាល និងជំរុញឱ្យមានកិច្ចខិតខំរួមគ្នាបន្ថែមទៀតពីភាគីពាក់ ព័ន្ធក្នុងការដោះស្រាយបញ្ហានេះសម្រាប់កម្មករនិយោជិត៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ក្រសួងការងារ





