បទវិចារណកថា៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នឹងក្លាយជាព្រឹត្តិការណ៍ការទូតដ៏សំខាន់ បង្ហាញពីភាពចាស់ទុំ និងសមត្ថភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦--ក្នុងនាមជាសមាជិកមួយនៅតំបន់ឥណ្ឌូចិន នៃមហាគ្រួសារក្រុមប្រទេសប្រើប្រាស់ភាសាបារាំងនៅលើពិភពលោក ដែលមានសមាជិកទាំងអស់៩០ កម្ពុជាបាន និងកំពុងតែស្ថិតនៅក្នុងដំណើរការត្រៀមខ្លួនយ៉ាងស្វាហាប់ដើម្បីបើកទ្វារទទួលស្វាគមន៍ ប្រទេសជាបងប្អូននានានៅក្នុងមហាគ្រួសារនេះ នៅខែវិច្ឆិកាខាងមុខ។

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចាប់ពីថ្ងៃទី១៥ ដល់ ១៦ ខែវិចិ្ឆកា ឆ្នាំ២០២៦ ខាងមុខ ដែលនេះគឺជាព្រឹត្តិការណ៍ដំបូងដែលកម្ពុជាបាននិងកំពុងរៀបចំខ្លួន ដើម្បីទទួលបងប្អូន និងប្រទេស ក៏ដូចជាដៃគូនានានៅក្នុងមហាគ្រួសារក្រុមប្រទេសប្រើប្រាស់ភាសាបារាំង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកដំបូងដែលកម្ពុជារៀបចំព្រឹត្តិការណ៍ធំៗបែបនេះឡើយ។
នៅក្នុងប្រវត្តិ២៥កន្លងមក កម្ពុជាធ្លាប់បានបើកទ្វារទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំមហាគ្រួសារអាស៊ាន ៣ដង ពោលគឺកិច្ចប្រជុំកំពូលអាស៊ាន អំឡុងពីឆ្នាំ២០០២ ដល់២០២២ និងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។

រាល់ដំណើរការរៀបចំជំនួបកំពូលមហាគ្រួសារនៅតំបន់អាស៊ីអគ្នេយ៍ គឺតែងតែប្រព្រឹត្តទៅយ៉ាងជោគជ័យជាមួយនឹងសមិទ្ធផល និងការកោតសរសើរជាបន្តបន្ទាប់ពីបណ្តាប្រទេសនៅក្នុងតំបន់ និងប្រទេសដៃគូនានា។ ដោយឡែកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ទោះបីកាលនោះកម្ពុជារៀបចំបែបនិម្មិតដោយសារតែការរីករាលដាលនៃមេរោគកូវីដ-១៩ ប៉ុន្តែជាទូទៅបរិយាកាស និងលទ្ធផល ដែលកម្ពុជាសម្រេចបានគឺពិតជាអាចទទួលយកបាន ទោះបីជាកម្ពុជាជាប្រទេសតូច មានប្រជាជនតិច ហើយសមត្ថភាពសេដ្ឋកិច្ចនៅមានកម្រិតក៏ដោយ។

រាល់កិច្ចប្រជុំកំពូលនៅក្នុងមហាគ្រួសារនៅក្នុងតំបន់ទាំង៣លើកគឺបានបញ្ចប់ជាមួយនឹងការកោតសរសើរ ដោយកិច្ចប្រជុំនីមួយៗជាពិសេសនៅឆ្នាំ២០១២ និង ២០២២ គឺមានការចូលរួមពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិក និងមហាអំណាចនានា។ សម្រាប់កិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែលជាកិច្ចពិភាក្សានៃដំណើរការផ្លូវការមួយ និងកិច្ចសហប្រតិបត្តិការរវាងសមាជិកសហភាពអឺរ៉ុបទាំង ៣០ប្រទេស និងអាស៊ីចំនួន ២១ប្រទេស ព្រមទាំងលេខាធិការអាស៊ានក៏ទទួលបានសមិទ្ធផលមិនធម្មតាដែរ។
សម្រាប់កិច្ចប្រជុំអាស៊ី-អឺរ៉ុប អ្វីដែលកម្ពុជាសោកស្តាយមួយគឺមិនអាចនាំមេដឹកនាំទាំង៥១ប្រទេសមកកាន់ទឹកដីអង្គរដ៏បវរនៃយើងបាន ប៉ុន្តែនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ ថ្នាក់ដឹកនាំនានាសុទ្ធតែរីករាយ និងទទួលយកលទ្ធផលដែលសម្រេចបាន ដែលរួមមាន សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំ សេចក្តីថ្លែងការណ៍រាជធានីភ្នំពេញស្តីពីការស្តារសង្គម និងសេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ-១៩ និង ឯកសារសកម្មភាពអនាគតស្តីពីការតភ្ជាប់អាស៊ី និងអឺរ៉ុប ។ល។

ក្រៅពីនេះ កម្ពុជាក៏បានរៀបចំប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ក្នុងឆ្នាំ២០២៤ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ នៅឆ្នាំ២០២២ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្នុងឆ្នាំ២០២៣ កិច្ចប្រជុំកំពូលឥស្លាម នៅឆ្នាំ២០២៥ ។ល។
សម្រាប់ជំនួបកំពូលនៃមហាគ្រួសារក្រុមប្រទេសប្រើប្រាស់ភាសាបារាំង ដែលគេដឹងថាជាផ្លូវការថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ កម្ពុជាក៏កំពុងតែដុតដៃដុតជើងរៀបចំខ្លួនដើម្បីស្វាគមន៍ និងផ្តល់អារម្មណ៍នៃភាពជាបងប្អូនជូនថ្នាក់ដឹកនាំ និងគណៈប្រតិភូមកពីរដ្ឋសមាជិកចំនួន ៩០ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដែលរួមមានសមាជិកពេញសិទ្ធិចំនួន ៥៣ប្រទេស សមាជិកពាក់ព័ន្ធ (Associate Members) ចំនួន៥ប្រទេស និងអ្នកសង្កេតការណ៍ចំនួន ៣២ ប្រទេស។
ប្រជាពលរដ្ឋកម្ពុជា នៅពេលបច្ចុប្បន្ននេះ បាននិងកំពុងតែត្រៀមខ្លួននៅក្នុងការនិយាយ “ Bienvenue au Cambodge “ ទៅកាន់បងប្អូននៅក្នុងមហាគ្រួសារប្រើប្រាស់ភាសាបារំាងនៅលើពិភពលោកប្រមាណជា ៣៩៦ លាននាក់។
ព្រឹត្តិការណ៍ដែលនឹងក្លាយជាប្រវត្តិសាស្រ្តថ្មីមួយនៅកម្ពុជានៅក្នុងឆ្នាំ២០២៦ កំពុងតែរាប់ថយក្រោយជាប្រចាំ ប៉ុន្តែទោះជាយ៉ាងណា ដើម្បីឱ្យកិច្ចប្រជុំនេះដំណើរការទៅជាមួយនឹងលទ្ធផលដ៏ជោគជ័យថ្មីសម្រាប់កម្ពុជា អ្នកទទួលខុសត្រូវនានាបានកំពុងតែសស្រាក់សស្រាំធ្វើការតាមជំនាញ និងទំនួលខុសត្រូវរៀងៗខ្លួន។
ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ហើយដើម្បីឱ្យបងប្អូននៃមហាគ្រួសារប្រើប្រាស់ភាសាបារាំងកាន់តែកក់ក្តៅ កម្ពុជាបាននិងកំពុងតែប្រឹងប្រែងរៀបចំ និងតាក់តែងឯកសារកិច្ចប្រជុំកំពូលនេះ ដែលផ្អែកលើមូលបទស្នូល៖ ខិតខំថែរក្សាសន្តិភាពឡើងវិញ ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង។
ក្រៅពីនោះក្រុមការងារភស្តុភាកម្ម ក្រុមការងារសន្តិសុខ ក្រុមការងាររៀបចំព្រឹត្តិការណ៍អមនានាក៏កំពុងតែដំណើរការរៀបចំដើម្បីឱ្យកិច្ចប្រជុំនៅពេលខាងមុខនេះប្រព្រឹត្តទៅដោយរលូន ដើម្បីជាការបើកមុខបើកមាត់កម្ពុជាបន្ថែមទៀត ទៅកាន់ឆាកអន្តរជាតិ។
សរុបទៅ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ មិនត្រឹមតែជាព្រឹត្តិការណ៍ការទូត និងអន្តរជាតិដ៏មានសារៈសំខាន់សម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពបង្ហាញពីភាពចាស់ទុំ សមត្ថភាព និងភាពជឿជាក់របស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។ តាមរយៈបទពិសោធជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលធំៗនាពេលកន្លងមក កម្ពុជាបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីសមត្ថភាពក្នុងការសម្របសម្រួល ការទទួលស្វាគមន៍ និងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយប្រសិទ្ធភាព។ ជាមួយនឹងស្មារតីមិត្តភាព និងភាពកក់ក្តៅ បូកផ្សំនឹងវប្បធម៌ដ៏សម្បូរបែប ប្រជាជនកម្ពុជាកំពុងត្រៀមខ្លួនយ៉ាងស្វាហាប់ដើម្បីនិយាយថា “Bienvenue au Cambodge” ទៅកាន់មេដឹកនាំ និងប្រជាជនក្នុងមហាគ្រួសារនៃក្រុមប្រទេសប្រើប្រាស់ភាសាបារាំង ទាំងមូល។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនឹងក្លាយជាឱកាសដ៏មានតម្លៃសម្រាប់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព ការលើកកម្ពស់កិត្យានុភាពជាតិ និងបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់កម្ពុជាក្នុងការថែរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពប្រកបដោយចីរភាពសម្រាប់សហគមន៍អន្តរជាតិទាំងមូល៕
AKP





