តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ អ.ស.ប៖ ការអនុវត្តធម្មនុញ្ញ អ.ស.ប. ដោយមិនស្មើភាពប្រឈមនឹងធ្វើឱ្យតម្លៃនិងការជឿជាក់លើធម្មនុញ្ញ អ.ស.ប. ធ្លាក់ចុះ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦–នៅក្នុងកិច្ចប្រជុំរំលឹកខួបក្រៅផ្លូវការនៃទិវាធម្មនុញ្ញអង្គការសហប្រជាជាតិ (អ.ស.ប.) ឆ្នាំ២០២៦ ក្រោមប្រធានបទ "រួមគ្នាដើម្បីភាពប្រសើរឡើង៖ ធម្មនុញ្ញមួយ អនាគតមួយ" នៅបុរីញូវយ៉ក កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអ.ស.ប. បានអំពាវនាវឱ្យរដ្ឋសមាជិកអ.ស.ប.ទាំងអស់ តម្កល់គោលបំណង និងគោលការណ៍នានារបស់ធម្មនុញ្ញអ.ស.ប. ដោយបានបន្ថែមថា ការអនុវត្តដោយមិនស្មើភាព និងការងាកទៅរកការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយវិវាទ ប្រឈមនឹងធ្វើឱ្យតម្លៃនិងការជឿជាក់លើធម្មនុញ្ញអ.ស.ប. ធ្លាក់ចុះ ហើយអាចបង្កគ្រោះថ្នាក់ដល់សន្តិភាពអន្តរជាតិ សន្តិសុខ និងការអភិវឌ្ឍ។
ឯកអគ្គរាជទូត ក៏បានគូសបញ្ជាក់អំពីការរួមចំណែកដ៏សំខាន់របស់កម្ពុជាដល់អ.ស.ប. រួមមានការបញ្ជូនកងរក្សាសន្តិភាពកម្ពុជាជាង ១ម៉ឺននាក់ ទៅកាន់បេសកកម្មចំនួន១២ នៅទូទាំងពិភពលោក ចាប់តាំងពីឆ្នាំ ២០០៦ ការធ្វើសមាហរណកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទៅក្នុងយុទ្ធសាស្ត្រជាតិនានារបស់កម្ពុជា និងការចូលរួមយ៉ាងសកម្មរបស់កម្ពុជាជាមួយយន្តការសិទ្ធិមនុស្សទាំងអស់របស់អ.ស.ប.៕


ដោយ៖ គង់ សិរីរ័ត្ន





