កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារកាកបាទក្រហមកម្ពុជាសាខាខេត្តស្ទឹងត្រែង និងត្រួតពិនិត្យផែនការឆ្ពោះទៅកាន់ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦
AKP ស្ទឹងត្រែង ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦-- ឯកឧត្តម សរ សុពុត្រា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង និងជាអភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំសំខាន់មួយ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងាររបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ក្នុងរយៈពេលកន្លងមក ព្រមទាំងពិនិត្យ និងពិភាក្សាលើការរៀបចំផែនការសកម្មភាព ឆ្ពោះទៅកាន់ការប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសាខា អនុសាខា ក្រុមការងារបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធជាច្រើន ដោយផ្តោតសំខាន់លើការវាយតម្លៃលទ្ធផលការងារមនុស្សធម៌ ដែលបានអនុវត្តកន្លងមក រួមមាន ការជួយសង្គ្រោះ និងសម្រាលទុក្ខជនរងគ្រោះដោយគ្រោះមហន្តរាយ ការគាំទ្រគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ការផ្តល់សេវាសុខាភិបាលសហគមន៍ និងការផ្សព្វផ្សាយអប់រំអំពីអនាម័យ និងសុខភាពសាធារណៈជាដើម។

ក្នុងឱកាសនោះ ឯកឧត្តម សរ សុពុត្រា បានមានប្រសាសន៍បញ្ជាក់ថា សកម្មភាពរបស់កាកបាទក្រហមកម្ពុជា គឺជាការងារមនុស្សធម៌សុទ្ធសាធ ដែលផ្អែកលើគោលការណ៍មូលដ្ឋានទាំង៧ ដោយមានគោលបំណងជួយសង្គ្រោះជីវិត និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ដោយមិនរើសអើងជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។ ឯកឧត្តមក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តបេសកកម្មមនុស្សធម៌ឱ្យទទួលបានលទ្ធផលល្អប្រសើរ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមប្រធានបានណែនាំឱ្យបន្តពង្រឹងសមត្ថភាពការងារ ការសម្របសម្រួល និងការចូលរួមពីគ្រប់ភាគី ដើម្បីឆ្លើយតបទាន់ពេលវេលាចំពោះស្ថានភាពបន្ទាន់នានា និងធានាបាននូវការផ្តល់ជំនួយមានប្រសិទ្ធភាព និងមានតម្លាភាព។ ជាពិសេស ត្រូវយកចិត្តទុកដាក់លើការរៀបចំកម្មវិធីអបអរសាទរទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ឱ្យមានភាពរលូន និងមានន័យសំខាន់ ដោយភ្ជាប់ជាមួយសកម្មភាពមនុស្សធម៌ជាក់ស្តែង។


ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានពិនិត្យលម្អិតលើផែនការសកម្មភាពសម្រាប់ទិវាខាងមុខ រួមមាន ការរៀបចំពិធីអបអរសាទរ ការផ្សព្វផ្សាយអំពីបេសកកម្ម និងតួនាទីរបស់កាកបាទក្រហមកម្ពុជា ការចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ និងការចូលរួមពីសប្បុរសជនក្នុងការគាំទ្រកិច្ចការមនុស្សធម៌។
សូមបញ្ជាក់ថា ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ត្រូវបានប្រារព្ធឡើងរៀងរាល់ថ្ងៃទី៨ ខែឧសភា ដើម្បីរំលឹកដល់កំណើតរបស់ស្ថាបនិកចលនាកាកបាទក្រហម និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការងារមនុស្សធម៌នៅទូទាំងពិភពលោក។ ការរៀបចំទិវានេះនៅខេត្តស្ទឹងត្រែង គឺជាឱកាសសំខាន់មួយក្នុងការបង្ហាញពីការរួមចំណែករបស់សាខាកាកបាទក្រហម ក្នុងការជួយសង្គ្រោះ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕

ដោយ AKP





