ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ៥គ្រួសារ ក្នុងស្រុកជើងព្រៃទទួលអំណោយពីកាកបាទក្រហមកម្ពុជា
AKP កំពង់ចាម ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦-- ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ៥គ្រួសារ រស់នៅក្នុងភូមិក្តុយ ក្នុងឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ទទួលបានអំណោយមនុស្សធម៌របស់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ នេះ តាមរយៈឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា។
ក្នុងពិធីជួបសំណេះសំណាលដោយផ្ទាល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខរបស់ ពីប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះបងប្អូនប្រជាពលរដ្ឋពិសេសចំពោះក្រុមគ្រួសារប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ រួមទាំងប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹក និងក្តីស្រឡាញ់ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានក្រើនរំលឹកដល់បងប្អូនទាំងអស់សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះគ្រោះមហន្តរាយដោយធម្មជាតិ ដោយយថាហេតុនិងប្រការណាមួយ ពិសេសនៅពេលមានភ្លៀងធ្លាក់ តែងតែមានខ្យល់កន្រ្តាក់ លាយឡំនឹងផ្គររន្ទះ ដែលបង្កជាមហន្តរាយដល់ ទ្រព្យសម្បត្តិនឹងអាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិត ក៏មានព្រោះដើមរដូវវស្សាមកដល់ហើយ បងប្អូនគប្បីបង្កើនការប្រុងប្រយ័ត្នខ្ពស់ខ្ពស់បំផុត ដើម្បីចៀសវាងការគ្រោះថ្នាក់ដោយយថាហេតុណាមួយ។


ចំពោះអំណោយដែលផ្តល់ជូនពលរដ្ឋរងគ្រោះទាំង៥គ្រួសារ ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២៥គក្រ មី ១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងឃីត១សម្រាប់។ ចំពោះថវិកាផ្តល់ជូនតាមកម្រិតខូចខាតជាក់ស្តែងពី៤០០.០០០រៀល ដល់១០០.០០០រៀល៕


ដោយ ឆាយ ម៉ុត





