កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ការងារសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦-- លោកជំទាវ គា សុភូ ប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ និងលោកជំទាវ ទឹម សាវ៉ាត អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ និងដោះស្រាយបញ្ហាប្រឈមនានារបស់សមាគមនារីខេត្ត ដោយមានការអញ្ជើញចូលរួមពីសមាជិកាគណៈកម្មាធិការសាខា និងថ្នាក់ដឹកនាំសមាគមនារីតាមបណ្តាក្រុង-ស្រុកទូទាំងខេត្ត។

ក្នុងឱកាសនោះ លោកជំទាវ គា សុភូ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកាសមាគមនារីគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបម្រើសង្គម និងជួយដោះស្រាយបញ្ហាប្រឈមនានារបស់បងប្អូនស្ត្រី ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
កិច្ចប្រជុំនេះក៏មានការពិភាក្សា និងសម្រេចលើការកែសម្រួលពណ៌អាវឯកសណ្ឋានសមាគម ដើម្បីឱ្យមានភាពឯកភាពគ្នា ងាយស្រួលសម្គាល់ និងលើកកម្ពស់សោភ័ណភាព ក៏ដូចជាសេចក្តីថ្លៃថ្នូររបស់សមាជិកានៅក្នុងកម្មវិធីផ្លូវការនានា។

លោកជំទាវទាំងពីរបានសង្កត់ធ្ងន់ថា ទោះបីជាមានបញ្ហាប្រឈមខ្លះៗក៏ដោយ ប៉ុន្តែស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តរបស់សមាជិកាទាំងអស់ គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញឱ្យការងារសមាគមនារីខេត្តកំពង់ស្ពឺ បន្តទទួលបានជោគជ័យ និងជាទីពឹងរបស់បងប្អូនស្ត្រីគ្រប់រូបផងដែរ៕

ដោយ៖ ម៉ែន ប៊ុនធីម





