ឯកឧត្តម ប៉ែន បូណា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នឹងផ្តល់វេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ានដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗចំនួន៣ទាក់ទងនឹងការកសាងសហគមន៍អាស៊ាន
AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន តបតាមការអញ្ជើញរបស់ ប្រធានាធិបតី ហ្វីលីពីន និងជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២៦។
អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមានឯកឧត្តមឧបនាយរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងតំណាងធុរកិច្ចមកពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។
ក្នុងការធ្វើ សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា ក្រោមមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា” កិច្ចប្រជុំកំពូលនឹងផ្តល់វេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ានដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗទាក់ទងនឹងការកសាងសហគមន៍អាស៊ាន និងមាគ៌ាឆ្ពោះទៅមុខដោយផ្តោតលើ៖ ១-ការធានាសន្តិសុខថាមពលក្នុងតំបន់ និងភាពធន់ ២-ស្ថិរភាពសន្តិសុខស្បៀង ៣-សុវត្ថិភាពនៃពលរដ្ឋអាស៊ាននិងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ក្នុងគោលបំណងជំរុញអនាគតមួយប្រកបដោយសន្តិភាព វិបុលភាព បរិយាបន្ន និងភាពធន់។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក ក៏ដូចជាផលប្រយោជន៍រួម៕

ដោយ៖ គង់ សិរីរ័ត្ន





