អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពទទួលជួបពិភាក្សាការងារជាមួយប្រតិភូនាយកដ្ឋាននីតិកម្ម ក្រសួងការពារប្រទេសវៀតណាម
AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦—ឯកឧត្តម ឧត្តមសេនីយ៍ទោ ជា សារិន អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦នេះ បានទទួលជួបពិភាក្សាការងារជាមួយលោកវរសេនីយ៍ឯក វូ វ៉ានត្រៀម នាយករង នាយកដ្ឋាននីតិកម្ម ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នាទៅវិញទៅមកឱ្យកាន់តែជិតស្និទ្ធថែមទៀត។

ក្នុងជំនួបនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជា សារិន មានប្រសាសន៍ថា យើងជឿជាក់យ៉ាងមុតមាំថា ជំនួបពិភាក្សានៅថ្ងៃនេះនឹងក្លាយជាចំណុចចាប់ផ្តើមដ៏ល្អប្រសើរមួយ ក្នុងការស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីឈានទៅរកកិច្ចសហការប្រកបដោយផ្លែផ្កា និងជោគជ័យសម្រាប់ភាគីទាំងសងខាងនាពេលអនាគត។ ឯកឧត្តមបានសម្តែងនូវការពេញចិត្ត ដែលថ្ងៃនេះភាគីទាំងពីរបានរួមគ្នាពិភាក្សាលើប្រធានបទច្បាប់ស្តីពីការចាត់បញ្ជូនកងកម្លាំងចូលរួមរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍ យោបល់ និងគំនិតល្អៗនូវចំណុចខ្លឹមសារសំខាន់ៗជាវិជ្ជមាន ដែលអាចបំពេញនូវចន្លោះប្រហោងឱ្យបានល្អប្រសើរ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ជា សារិន បានជម្រាបជូនប្រតិភូនាយកដ្ឋាននីតិកម្ម ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាមថា ក្រោយបានបិទបញ្ចប់នូវសង្គ្រាមស៊ីវិល ដោយមានការសម្របសម្រួលពីអង្គការសហប្រជាជាតិ និងបណ្តាប្រទេសជាច្រើន រហូតកម្ពុជាបានរៀបចំការបោះឆ្នោតដែលរៀបចំឡើងដោយកងកម្លាំង UNTAC អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះកម្ពុជាបានប្រែក្លាយពីប្រទេសដែលអន្តរាគមន៍ដោយកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទៅជាប្រទេសបញ្ជូនកងកម្លាំងចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ តាមការស្នើសុំពីអង្គការសហប្រជាជាតិ និងស្របតាមរដ្ឋមនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមានការឯកភាពពីសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០០៥។

ឯកឧត្តម ឧត្តមសេនីយ៍ទោ បានគូសបញ្ជាក់ថា ចំពោះការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មនៃតំបន់បេសកកម្មនីមួយៗ គឺប្រតិបត្តិតាមអនុស្សរណៈយោគយល់គ្នា (MOU) រវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដោយមុននឹងកងកម្លាំងចេញបំពេញបេសកកម្ម មជ្ឈមណ្ឌលជាតិបានបើកវគ្គទៅតាមជំនាញនៃកងអនុសេនាធំនីមួយៗ រួមទាំងច្បាប់ ក្រមសីលធម៌របស់កម្លាំងមួកខៀវអង្គការសហប្រជាជាតិ និងច្បាប់ស្តីពីលក្ខន្តិកៈ និងបទវិន័យរបស់យោធិន នៃកងយោធពលខេមរភូមិន្ទ ដោយកម្ពុជាបានបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពនៅតាមបណ្តាប្រទេសដែលហែកហួរដោយសារសង្គ្រាមនាឆ្នាំ២០០៦ ផ្តើមចេញពីបេសកកម្ម UNMIS, United Nations Mission in Sudan ដោយកងអនុសេនាធំបោសសម្អាតមីនលេខ១៣៥ មានចំនួន ១៣៥នាក់ ហើយរហូតមកដល់បច្ចុប្បន្នកម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពនៃកងយោធពលខេមរភូមិន្ទចំនួន ១០,៤៤០នាក់ (នារី ៩៨៨នាក់)នៅប្រទេសចំនួន១០ លើជំនាញ បោសសម្អាតមីន រាជអាវុធហត្ថ មន្ទីរពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មព្រលានយន្តហោះ វិស្វកម្មសំណង់ផ្ដេក-បញ្ឈរ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធាក្នុងបុព្វហេតុរក្សាសន្តិភាពនៅក្នុងសកលលោក។
ក្នុងជំនួបនេះ លោកវរសេនីយ៍ឯក វូ វ៉ានត្រៀម នាយករង នាយកដ្ឋាននីតិកម្ម ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្តែងនូវការអបអរសាទរចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការបញ្ជូនកងកម្លាំងចូលរួមរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងបានបង្ហាញនូវការតាំងចិត្តក្នុងការធ្វើកិច្ចហការឱ្យកាន់តែស្អិតល្មួតជាមួយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពរបស់កម្ពុជា៕
ដោយ៖ ចាន់ សុភឿន





