ឯកឧត្តម អភិបាលខេត្តព្រះ សីហនុ អញ្ជើញស្វាគមន៍ ប្រតិភូព្រះសង្ឃសៅលីងធ្វើទស្សនកិច្ចនៅខេត្តតំបន់ឆ្នេរមួយនេះ
AKP ព្រះសីហនុ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦-- នៅព្រឹកថ្ងៃសៅរ៍ទី២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និងសហការី អញ្ជើញទទួលស្វាគមន៍ប្រតិភូព្រះសង្ឃសៅលីងចំនួន ១៦អង្គ មកពីសាធារណរដ្ឋប្រជាមានិតចិន ដើម្បីទស្សនា ថតរូបភាព និងវីដេអូនៅតាមតំបន់ទេសចរណ៍នានាក្នុងខេត្តព្រះសីហនុ ដើម្បីផ្សព្វ ផ្សាយពីសក្តានុពលវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ និងជាការបង្ហាញជូនដល់ប្រជាជនចិន ក៏ដូចជាប្រជាជាតិនៅលើសកលលោកឱ្យបានដឹង និងស្វែងរកតំបន់ទេសចរណ៍ ស្រស់ស្អាត និងសុវត្ថិភាព នៅខេត្តព្រះសីហនុ ។
ដំណើរទស្សនារបស់ប្រតិភូសង្ឃសៅលីង នៅលើ ទឹកដីតំបន់ឆ្នេរនៃខេត្តព្រះសីហនិនាពេលនេះ ក្នុងក្របខ័ណ្ឌ នៃការអនុវត្តន៍យុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិនសម្រាប់ឆ្នាំ២០២៦ ដែលក្រសួងទេសចរណ៍ បានសហការជាមួយស្ថានទូតនៃសាធា រណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា នឹងរៀបចំ “មហោស្រពក្បាច់គុនចម្រុះកម្ពុជា-ចិន កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦កន្លងមក នៅលើទឹកដីខេត្តសៀមរាប។


ក្រុមប្រតិភូព្រះសង្ឃសៅ លីងចំនួន ១៦អង្គ មកពីសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញចូលរួមសម្តែងរួមគ្នាជាមួយប្រតិភូកីឡាករ កីឡាការិនីល្បុក្កតោកម្ពុជា។ ទន្ទឹមនឹងដំណើរទស្សនកិច្ចនៅកម្ពុជា ប្រតិភូព្រះសង្ឃសៅលីងខាងលើនឹងទស្សនា ថតរូបភាព និងវីដេអូនៅតាមបណ្តារាជ ធានី ខេត្តចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងគោលបំណងផលិតវីដេអូ បង្ហាញពីសក្តានុពលទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា សម្រាប់យក ទៅផ្សព្វផ្សាយតាមបណ្តាញសង្គមផ្លូវការនានា របស់ក្រសួងទេសចរណ៍ និងបណ្តាញសង្គមចិន។


ក្រុមប្រតិភូព្រះសង្ឃសៅ លីង បានទស្សនា ថតរូបភាព និងវីដេអូនៅតាមតំបន់ទេសចរណ៍នានាក្នុងខេត្តព្រះសីហនុ មានដូចជា ព្រះថោងនាងនាគ ខ្មែរធ្វើបាន និងតាមឆ្នេរក្នុងក្រុងព្រះសីហនុ ប្រកបដោយបរិយាកាសរីករាយ ជាពិសេសថែមទៀតនោះ ដោយមានការស្វាគមន៍ពីអាជ្ញាធរខេត្ត ក្រុង និងប្រជាពលរដ្ឋប្រកបដោយទឹក មុខរីករាយ បង្កើតបាននូវ ភាពជឿជាក់ស្នាមញញឹមនៅលើទឹកដីតំបន់ទេសចរណ៍ឆ្នេរសមុទ្រ នៃភាគនារតី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបាន ប្រសិទ្ធនាមថា តារារៈ នាទិសនារតី ៕
ដោយ ងូ សុមុនី





