អភិបាលរងខេត្តបន្ទាយមានជ័យបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មីនៅឃុំអូរបីជាន់ ជាអំណោយពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និង ជីប ម៉ុង
AKP បន្ទាយមានជ័យ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦--ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំនៅតាមតំបន់ដាច់ស្រយាល និងការផ្តល់ឱកាសសិក្សាឱ្យកាន់តែប្រសើរឡើងសម្រាប់កុមារា កុមារី នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មីចំនួន ០១ខ្នង មាន ៥បន្ទប់ ដែលស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សា អូរបីជាន់ ក្នុងភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
អគារសិក្សាថ្មីនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (Khmer Beverages) និងក្រុមហ៊ុនមេ ជីប ម៉ុង (Chip Mong) ដែលបានបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម ក្នុងការជួយជ្រោមជ្រែងដល់រាជរដ្ឋាភិបាល ក៏ដូចជាមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្នុងការកាត់បន្ថយការលំបាកផ្នែកខ្វះខាតថ្នាក់រៀន។
ថ្លែងក្នុងឱកាសដ៏មានអត្ថន័យនោះ លោក លី សុវណ្ណារិទ្ធ បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះសមិទ្ធផលថ្មីនេះ។ លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងក្រុមហ៊ុនមេ ជីប ម៉ុង ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់លើការងារមនុស្សធម៌ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។


លោកបានបញ្ជាក់យ៉ាងដូច្នេះថា«ការចូលរួមរបស់វិស័យឯកជន គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញឱ្យការអប់រំនៅតាមមូលដ្ឋានកាន់តែមានភាពរឹងមាំ។ អគារសិក្សាថ្មីនេះ នឹងក្លាយជាថ្នាលបណ្ដុះបណ្ដាលចំណេះដឹងដ៏សំខាន់សម្រាប់ក្មួយៗសិស្សានុសិស្សនៅក្នុងឃុំអូរបីជាន់ ដែលជាតំបន់ជាប់ព្រំដែន ឱ្យមានលទ្ធភាពទទួលបានការសិក្សាក្នុងបរិយាកាសសមរម្យ និងមានសុវត្ថិភាព»។
ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សទាំងអស់ ត្រូវចូលរួមសហការគ្នាតាមដានការសាងសង់ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងត្រូវចេះថែរក្សាសមិទ្ធផលនេះឱ្យបានគង់វង្សយូរអង្វែង ដើម្បីទុកជាប្រយោជន៍ដល់ក្មេងៗជំនាន់ក្រោយៗទៀត។

គួរបញ្ជាក់ផងដែរថា ឃុំអូរបីជាន់ គឺជាតំបន់មួយដែលកំពុងមានការរីកចម្រើន ប៉ុន្តែតម្រូវការផ្នែកហេដ្ឋារចនាសម្ព័ន្ធសិក្សានៅតែជាអាទិភាព។ ការផ្ដល់ជូនអគារសិក្សា ៥បន្ទប់នេះ មិនត្រឹមតែជួយសម្រួលដល់ការសិក្សារបស់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្តដល់អាណាព្យាបាលឱ្យបញ្ជូនកូនចៅមកសាលារៀនកាន់តែច្រើនឡើង ដែលជាផ្នែកមួយនៃការកាត់បន្ថយអត្រាបោះបង់ការសិក្សានៅក្នុងតំបន់ដាច់ស្រយាល៕
ដោយ ឈុន សារ៉ាត





