គិតត្រឹមដើមខែមេសា ឆ្នាំ២០២៦ ទឹកកខ្វក់បញ្ចេញពីបណ្តាក្រុមហ៊ុន និងរោងចក្រសហគ្រាសនានា ចំនួន ២៨,៦ លានម៉ែត្រគូប ត្រូវបានទប់ស្កាត់
AKP ភ្នំពេញ ថ្ងៃទី២ ខែ ឧសភា ឆ្នាំ ២០២៦--គិតត្រឹមខែមេសា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានធ្វើការទប់ស្កាត់ពីការបញ្ចេញទឹកកខ្វក់ពីបណ្តាក្រុមហ៊ុន និងរោងចក្រសហគ្រាសនានា បានចំនួន ២៨ ៦០៩ ៦២៣ ម៉ែត្រគូប ដើម្បីការពារប្រភពទឹកសាធារណៈ និងសុខភាពប្រជាពលរដ្ឋ នៅកម្ពុជា។
យោងតាមរបាយការណ៍ចុងក្រោយរបស់ ក្រសួងបរិស្ថានពីទិន្នន័យនៃការទប់ស្កាត់ទឹកកខ្វក់សម្រេចបាននៅក្នុរយៈពេលតែ៤ខែ(មករា-មេសា) ដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានទប់ស្កាត់ទឹកកខ្វក់បានសរុបចំនួនជាង ៨,៥លានម៉ែត្រគូប។ ដោយឡែក គ្រាន់តែក្នុងខែមេសា ឆ្នាំ២០២៦ ទឹកកខ្វក់ប្រមាណ ២ ១៤១ ៨៥០ ម៉ែត្រគូប ត្រូវបានទប់ស្កាត់មិនឱ្យហូរចូលក្នុងប្រភពទឹកធម្មជាតិ និងប៉ះពាល់ដល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា លទ្ធផលសម្រេចបាននាពេលនេះ គឺបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងចូលរួមសហការល្អ ពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន ពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ម្ចាស់រោងចក្រ សហគ្រាស និងក្រុមហ៊ុននានា រួមជាមួយអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ក្នុងការអនុវត្តន៍គោលនយោបាយ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងជាពិសេសអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ លើវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ និងលើការគ្រប់គ្រងគុណភាពទឹក ប្រកបដោយចីរភាព សម្រាប់ការអភិរក្សជីវៈចម្រុះនៅក្នុងទឹក និងការពារសុខភាពសាធារណៈ។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុននិងរោងចក្រសហគ្រាស ដែលធ្វើការបញ្ចេញសំណល់រាវលើស ពី៤០ម៉ែត្រគូប បានបំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានការបញ្ចេញសំណល់រាវ រហូតដល់ពេលនេះ គិតត្រឹមខែមេសា ឆ្នាំ២០២៦ មានចំនួន ៥៩ ទីតាំង និងមានរោងចក្រសហគ្រាស មួយចំនួនទៀត បានចុះកិច្ចសន្យា និងបានស្មគ្រចិត្តចូលរួមអនុវត្តច្បាប់ បំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ នៅតាមទីតាំងអាជីវកម្មរបស់ខ្លួន។


សូមបញ្ចាក់ថា ម្ចាស់ទីតាំងនិងឧស្សាហកម្មទាំងអស់ ដែលមានប្រភពសក្តានុពលបំពុល ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការបញ្ចេញសំណល់រាវ តាមក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា១៧៨ មាត្រា២៨៧ មាត្រា២៨៨ មាត្រា៨២៩ ទាក់ទងនឹង ការបញ្ចេញសំណល់ ឬ សារធាតុបំពុលទៅក្នុងបរិស្ថាន មិនស្របតាមស្តង់ដារបញ្ចេញ សំណល់ ត្រង់មាត្រា៨៤៥ ការមិនអនុវត្តកាតព្វកិច្ចក្នុងការគ្រប់គ្រងសំណល់រាវ និងទឹកកខ្វក់។
លើសពីនេះ ការត្រួតពិនិត្យការបំពុលទឹក ការកាត់បន្ថយនិងទប់ស្កាត់ការបំពុលតំបន់ទឹកសារធារណៈ ក៏មានចែងក្នុងបទដ្ឋានគត្តិយុត្តមួយចំនួនផ្សេងទៀត ដែលបានចូលជាធរមាន របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕
ដោយ មករា





