លោក ហែម គីរី៖ កីឡាហែលទឹកជាឱសថទិព្វសម្រាប់អ្នកមានបញ្ហាឆ្អឹងសន្លាក់កជើង ជង្គង់ កៀបសរសៃពួរខ្នង
AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦-- លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានចែករំលែកនូវសារៈសំខាន់ដោយលោកបានលើកឡើងថា ការលេងកីឡាហែលទឹកប្រៀបបានដូចជាឱសថទិព្វ សម្រាប់អ្នកមានបញ្ហាឆ្អឹង សន្លាក់កជើង ជង្គង់ និងកៀបសរសៃពួរខ្នងជាដើម។
ការចែករំលែកនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងបទសម្ភាសន៍ ក្រោយបញ្ចប់ការប្រកួតកីឡាហែលទឹក វ័យចាស់ (Cambodia Master Swimming 2026) ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិកអូឡាំពិក។

អ្នកជំនាញកីឡាហែលទឹករូបនេះបានពន្យល់ថា កីឡាហែលទឹកជាប្រភេទកីឡាមិនមានការប៉ះទង្គិចជាមួយអ្នកណានោះទេ មិនដូចប្រភេទកីឡាខ្លះៗផ្សេងទៀត នៅពេលពួកគាត់មានវ័យជ្រេបន្តិចងាយប៉ះទង្គិច ហើយងាយនឹងរងរបួសអាចនឹងមានបញ្ហាសុខភាពទៅវិញ។ «ចំពោះអ្នកមានបញ្ហាឆ្អឹង សន្លាក់ ការលេងកីឡាហែលទឹកនេះ គឺជាឱសថទិព្វមួយសម្រាប់អ្នកដែលមានបញ្ហានេះ។ ជាក់ស្តែងដូចជាខ្ញុំផ្ទាល់ ក៏មានបញ្ហាសន្លាក់ជង្គង់ កជើងដែរ ប៉ុន្តែនៅពេលដែលខ្ញុំអនុវត្តការហែលទឹកជាប្រចាំ ក្នុង១សប្តាហ៍ខ្ញុំហែលទឹកពី៣ទៅ៤ថ្ងៃ ធ្វើឱ្យការឈឺចាប់បញ្ហាជង្គង់ និងកជើងរបស់ខ្ញុំបានល្អប្រសើរ ដោយមិនចាំបាច់ប្រើថ្នាំនោះឡើយ។ នេះជាហេតុផលមួយដ៏សំខាន់ ដែលខ្ញុំតែងតែអនុវត្តជាប្រចាំជាបន្តទៀត។ ចំពោះអ្នកកៀបសរសៃពួរខ្នងជាដើមនោះ គឺភាគច្រើនជួយកាត់បន្ថយបានច្រើនអាចថាពីចន្លោះពី ៧០ទៅ៨០% ឬអ្នកខ្លះអាចកាន់តែប្រសើររហូតដល់ ៩០% ឯណោះ»។
លោកបន្ថែមបែបនេះទៀតថា ៖«ភាគច្រើន នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិអូឡាំពិក ពេលព្រឹកព្រលឹម អ្នកបញ្ហាបែបនេះតែងមកហែលទឹករហូតដល់គាត់បាត់ឈឺ ដោយមិនប្រើប្រាស់ថ្នាំ ដែលនេះជារឿងល្អ ដែលខ្ញុំចង់ចែករំលែកនូវសារៈសំខាន់នៃការលេងកីឡាហែលទឹកជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើង»។


ចំពោះការប្រកួតកីឡាហែលទឹក វ័យចាស់ ឆ្នាំ២០២៦ ត្រូវបានលោក ហែម គីរី លើកឡើងថា នេះជាឆ្នាំទី៣ហើយ ដែលសហព័ន្ធខ្មែកីឡាហែលទឹកបានរៀបចំឡើង ក្នុងការផ្តល់ឱកាសដល់មហាជន ដែលមិនផ្តោតសំខាន់តែទៅលើកីឡាករ កីឡាការិនីហែលទឹក ឬអ្នកជំនាញហែលទឹកនោះទេបានចូលរួមលេងកីឡា ដើម្បីសុខភាព ក៏ដូចជាការនាំឱ្យការហាត់កីឡាហែលទឹករបស់ពួកគាត់បានចូលរួមប្រកួតប្រជែង ដើម្បីភាពសប្បាយរីករាយផង។ ដូច្នេះការរៀបចំការប្រកួតវ័យចាស់ប្រចាំឆ្នាំនេះ ដើម្បីឱ្យប្រជាពលរដ្ឋបានលេងកីឡា ដើម្បីសុខភាព និងជំរុញឱ្យពួកគាត់មានការតាំងចិត្តហ្វឹកហាត់ជាប្រចាំ ដើម្បីត្រៀមចូលរួមប្រកួតនាឆ្នាំបន្តបន្ទាប់ទៀត។ កីឡាពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយថែទាំសុខភាពរបស់ពួកគាត់ ហើយប្រសិនបើប្រជាពលរដ្ឋប្រើប្រាស់កីឡាឱ្យបានត្រឹមត្រូវ គឺចំណេញបំផុត ដោយទី១ ចំណេញដល់សុខភាព ទី២ ផ្តល់ឱកាសជួបជុំជាមួយមិត្តភ័ក្ត្រទាំងខ្មែរ និងបរទេស។

ការប្រកួតកីឡាហែលទឹក វ័យចាស់ នេះមិនមែនរៀបចំការប្រកួតែនៅកម្ពុជានោះទេ ពោលគឺនៅគ្រប់បណ្តាប្រទេសជុំវិញពិភពលោក ស្របពេលដែលសហព័ន្ធកីឡាហែលទឹកអន្តរជាតិក៏មានការរៀបចំការប្រកួតកីឡាហែលទឹកពិភពលោកដែរ ក្រោយពីមានការប្រកួតហែលទឹកជើងឯកពិភពលោក។
លោកអគ្គលេខាធិការរូបនេះសង្កត់ធ្ងន់ថា មូលហេតុចម្បង ដែលសហព័ន្ធប្រឹងប្រែងរៀបចំការប្រកួតបានរយៈពេល៣ឆ្នាំមកនេះ គឺដើម្បីកៀរគរបងប្អូនប្រជាពលរដ្ឋខ្មែរបានឈ្វេងយល់អំពីសារៈសំខាន់នៃការលេងកីឡា ក៏ដូចជាទទួលបានឱកាសចូលរួមប្រកួតដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ព្រមទាំងទទួលបានភាពសប្បាយរីករាយ ក្នុងពេលប្រកួតផងដែរ។ ម្យ៉ាងទៀតក៏ចង់បំផុសស្មារតីដល់មហាជនឱ្យបានយល់ដឹងនៅក្នុងកីឡាថា ការប្រកួតកីឡានេះមិនមែនផ្តោតតែលើការឈ្នះ-ចាញ់ ទទួលបានចំណាត់ថ្នាក់នោះទេ ប៉ុន្តែសំខាន់បំផុត គឺការចូលរួម ហើយបើកាលណាលេងកីឡាបានជាប់ជាប្រចាំ គឺផលប្រយោជន៍សំខាន់បំផុត គឺសុខភាព។

លោក ហែម គីរី បានគូសបញ្ជាក់បន្ថែមទៀតថា ចាប់តាំងពីឆ្នាំទី១ រហូតដល់ឆ្នាំទី៣ ឆ្នាំ២០២៦នេះ មានសមាសភាពអ្នកចូលរួមប្រកួតចាស់ៗ និងសមាភាពថ្មីៗបានចូលរួមកើនឡើងក្នុងចន្លោះ ៤០នាក់ ខណៈការខិតខំរៀបចំនេះនឹងទទួលបានការចូលរួមពីមហាជនរហូតដល់រាប់រយនាក់ នៅឆ្នាំក្រោយៗទៀត៕
ដោយ ហេង ណាលីន





