សម្ដេចតេជោ ហ៊ុន សែន ទទួលជួបអតីតរដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦--
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Pham Van Tra អតីតសមាជិកការិយាល័យនយោបាយគណបក្សកុម្មុយនីស្តវៀតណាម និងជាអតីតរដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។
បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការរីករាយយ៉ាងខ្លាំងដែលសម្ដេចបានជួបជាមួយនឹងឯកឧត្តម Pham Van Tra។ សម្ដេចបានចាត់ទុកឯកឧត្តមគឺជាមិត្តចាស់របស់កម្ពុជាជាពិសេសឯកឧត្តមបានចូលរួមចំណែកកន្លងមកក្នុងបេសកកម្មរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងអនុស្សាវរីយ៍ជាច្រើន។

ឯកឧត្តម Pham Van Tra បានសម្ដែងនូវក្តីរីករាយដែលបានជួបសម្ដេចតេជោសាជាថ្មី បន្ទាប់ពីបែកគ្នាអស់រយៈពេល១០ឆ្នាំ មកហើយ។ ឯកឧត្តមបានលើកឡើងថា ដំណើររបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជានៅពេលនេះគឺមានពីរសំខាន់ ទី១) គឺថាចង់មកជួបសួរសុខទុក្ខសម្ដេចតេជោតែម្ដងដែលជាមិត្តចាស់ធ្លាប់តស៊ូជាមួយគ្នាកន្លងមក និងធ្លាប់ធ្វើកិច្ចការងារដ៏ច្រើនជាមួយគ្នា និងទី២) ឯកឧត្តមចង់មើលនូវទីតាំងមួយចំនួនដែលជាអនុស្សាវរីយ៍ដែលឯកឧត្តមធ្លាប់សហការជាមួយនឹងកម្ពុជា នៅក្នុងការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត៕


ដោយ៖ ជឹម ណារី




