ជនជាតិថៃចំនួន ៦៣៥ នាក់ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams និងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ខុសច្បាប់ត្រូវបានបណ្តេញចេញទៅប្រទេសថៃនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នេះតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦–ជនជាតិថៃចំនួន ៦៣៥ នាក់ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams និងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ខុសច្បាប់ត្រូវបានបណ្តេញចេញទៅប្រទេសថៃនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នេះតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យក្រោយពីសមត្ថកិច្ចបានបំពេញបែបបទស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ចំណែកជនសង្ស័យចំនួន៣០នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជាបាននិងកំពុងរៀបចំអនុវត្តនីតិវិធីច្បាប់បន្តចំពោះបទល្មើសដែលបានប្រព្រឹត្តទាក់ទងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams។ ការបណ្តេញចេញជនជាតិថៃនេះត្រូវបានធ្វើឡើងដោយមានការសម្របសម្រួល សហការរវាងសមត្ថកិច្ចកម្ពុជានិងថៃ។


គួរបញ្ជាក់ថានៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ កម្លាំងប្រតិបត្តិការចម្រុះរបស់កម្ពុជា ក្រោមការដឹកនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានបង្ក្រាបទីតាំងមួយជាអគារខុនដូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( online scams) និងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន។
តាមលទ្ធផលបឋម អាជ្ញាធរកម្ពុជាបានរកឃើញវត្ថុតាងជាច្រើន រួមមាន ទូរស័ព្ទដៃ ៤,៦៨៥ គ្រឿង Monitor ចំនួន ៤១៦ គ្រឿង និងឧបករណ៍ពាក់ព័ន្ធផ្សេងៗ។ ការត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិក គឺក្រុមឧក្រិដ្ឋជនមានទិសដៅទៅលើជនជាតិថៃក្នុងប្រទេសថៃ៕



ដោយ៖ គង់ សិរីរ័ត្ន




