អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បញ្ជក់ពីការជួយជ្រោមជ្រែងដល់ប្រទេសកម្ពុជាឱ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦--
លោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ តែងតាំងថ្មីប្រចាំនៅកម្ពុជា បានបញ្ជាក់នូវចំពោះមុខ សម្ដេចតេជោ ថា អង្គការសហប្រជាជាតិគឺរង់ចាំជួយដល់ប្រទេសកម្ពុជាជានិច្ចជាពិសេសការជួយជ្រោមជ្រែងដល់ប្រទេសកម្ពុជា ឱ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ នេះបើយោងតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធី រិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ តែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។
ក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបជាមួយលោកជំទាវ និងសហការីនៅពេលនេះ។ សម្ដេចតេជោសង្ឃឹមថាវត្តមានរបស់លោកជំទាវអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នឹងញ៉ាំងនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងកម្ពុជានិងអង្គការសហប្រជាជាតិឱ្យកាន់តែរីកចម្រើនរឹងមាំបន្តទៀត។ សម្ដេចតេជោ ក៏បានអរគុណចំពោះអង្គការសហប្រជាជាតិ ដែលបានចូលរួមចំណែកជួយដល់ប្រទេសកម្ពុជានាពេលកន្លងមក។

ជាមួយគ្នានេះ លោកជំទាវអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យ លោកជំទាវ និងសហការីបានជួបសម្ដែងការគួរសម។ លោកជំទាវបានលើកឡើងថាកម្ពុជា និងអង្គការសហប្រជាជាតិមានទំនាក់ទំនងដ៏យូរអង្វែងនិងរឹងមាំជាមួយគ្នានៅពេលកន្លងមក។ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវ ហើយសម្ដេចក៏បានពិភាក្សាជាមួយជាមួយលោកជំទាវ ដោយផ្ដោតទៅលើបញ្ហាពាក់ព័ន្ធទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពក្នុងឆ្នាំ២០៣០ ដែលដាក់ចេញដោយអង្គការសហប្រជាជាតិ ហើយទាំងសម្ដេចតេជោ និងលោកជំទាវក៏បានលើកឡើងពីបញ្ហាប្រឈបមួយចំនួនដែលប្រទេសនានានៅលើពិភពលោក ដែលជាសមាជិករបស់អង្គការសហប្រជាជាតិកំពុងជួបប្រទះ។
ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានដាក់ជាសំណួរថា តើគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពនៅឆ្នាំ ២០៣០នេះ នឹងសម្រេចបានដូចនូវការគ្រោងទុកឬក៏យ៉ាងណា។
ភាគីទាំងពីរបានផ្លាស់ប្ដូរនូវយោបល់គ្នាជុំវិញរឿងនេះ។ បន្ថែមពីលើនេះសម្ដេចតេជោ និងលោកជំទាវក៏បានពិភាក្សាទៅលើបញ្ហាប្រឈមនាពេលបច្ចុប្បន្នជាពិសេសគឺបញ្ហាសន្តិសុខថាមពលដែលកំពុងកើតមានឡើង ជាពិសេសពាក់ព័ន្ធទៅនឹងប្រេងឡើងថ្លៃ ដែលជាកង្វល់មួយសម្រាប់សមាជិករបស់អង្គការសហប្រជាជាតិ ហើយក្នុងនោះក៏មានកម្ពុជាមួយដែរ។

បន្ថែមពីលើនេះ សម្ដេចតេជោក៏បានលើកឡើងជាមួយនឹងលោកជំទាវ អំពីការចូលរួមចំណែករបស់កម្ពុជាក្នុងការថែរក្សានូវសន្តិភាពរបស់ពិភពលោក តាមរយៈការបញ្ជូននូវកងទ័ពមួកខៀវរបស់កម្ពុជាទៅកាន់បណ្ដាប្រទេសមួយចំនួន ក្រោមឆត្រអង្គការសហប្រជាជាតិក្នុងការចូលរួមចំណែកនូវការការពារសន្តិភាពរបស់ពិភពលោកដែលមានប្រមាណ១ម៉ឺននាក់កន្លងមកនេះដែលជាការរួមចំណែកមួយដ៏ធំ។
លោកជំទាវអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បានសម្ដែងនូវការអរគុណយ៉ាងខ្លាំង និងសរសើរចំពោះកម្ពុជាដែលបានបញ្ជូនកងទ័ពរបស់ខ្លួនក្នុងបុព្វហេតុនៃការការពារនូវសន្តិភាពរបស់ពិភពលោកដែលជាចំណុចមួយដែលកម្ពុជាបានធ្វើនៅពេលកន្លងមក។
សម្ដេចតេជោ និងលោកជំទាវ ក៏បានពិភាក្សាទៅលើបញ្ហានៃការបម្រែបម្រួលអាកាសធាតុ ដែលជាបញ្ហាកង្វល់រួមរបស់ពិភពលោកទាំងមូលដែលតម្រូវឱ្យអង្គការសហប្រជាជាតិ ក៏ដូចជាប្រទេសជាសមាជិកនឹងរួមគ្នាគិតគូរអំពីបញ្ហានៃការបម្រែបម្រួលអាកាសធាតុនេះ៕
ដោយ៖ ជឹម ណារី




