កម្ពុជាចូលរួមអនុម័ត «សេចក្តីថ្លែងការណ៍ទីក្រុងមែលប៊ន» ដើម្បីពង្រឹងសិទ្ធិសុខភាពបន្តពូជ និងសមភាពយេនឌ័រ ក្នុងក្របខ័ណ្ឌនៃសន្និសីទអន្តរជាតិ Women Deliver 2026
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦--កម្ពុជាចូលរួមអនុម័ត «សេចក្តីថ្លែងការណ៍ទីក្រុងមែលប៊ន» ដើម្បីពង្រឹងសិទ្ធិសុខភាពបន្តពូជ និងសមភាពយេនឌ័រ ក្នុងវេទិកាកម្រិតខ្ពស់រវាងរដ្ឋមន្ត្រី និងសមាជិកសភា។
លោកជំទាវ ឡោក ខេង ប្រធានគណៈ កម្មការទី៨ នៃរដ្ឋសភា អនុប្រធានប្រចាំការសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ (CAPPD) និងជាអនុប្រធានវេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងអភិវឌ្ឍន៍ (AFPPD) នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុង «វេទិកាកម្រិតខ្ពស់រវាងរដ្ឋមន្ត្រី និងសមាជិកសភា» ក្នុងក្របខ័ណ្ឌនៃសន្និសីទអន្តរជាតិ Women Deliver 2026។

វេទិកានេះគឺជាការជួបជុំកម្រិតថ្នាក់ ដឹកនាំដែលមានការចូលរួមពីសមាជិក សភា និងរដ្ឋមន្ត្រីប្រមាណជិត ១០០ រូប មកពីបណ្តាប្រទេសនានា ដើម្បីតភ្ជាប់តួនាទីដឹកនាំរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងគោលដៅជំរុញសិទ្ធិ និងសុខភាពបន្តពូជ និងផ្លូវភេទ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃសមភាពយេន ឌ័រ និងយុត្តិធម៌សង្គម។

ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ អង្គវេទិកាបានផ្ដោតលើការងារអាទិភាពចំនួន ៣ ធំៗរួមមាន៖
១. តួនាទីនីតិកម្ម និងថវិកា៖ ការពង្រឹងសកម្មភាពសមាជិកសភា ក្នុងការរៀបចំច្បាប់ គោលនយោបាយ និងការអនុម័តកញ្ចប់ថវិកាជាតិឱ្យចំគោលដៅ។

២. កិច្ចសហប្រតិបត្តិការតំបន់៖ ការជំរុញយន្តការសភាពហុភាគី ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសកល និងការផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែងរវាងបណ្តាប្រទេសនានា ដូចជា ហ្វីជី ទីម័រឡេស្តេ ណូរូ តុងហ្គា និងអូស្ត្រាលីជាដើម។
៣. យុទ្ធសាស្ត្រប្រតិបត្តិ៖ ការបង្វែរការសន្យាក្នុងវេទិកាអន្តរជាតិ ឱ្យទៅជាសកម្មភាពជាក់ស្តែងនៅក្នុងគោលនយោបាយជាតិ ក្រោយបញ្ចប់សន្និសីទ។

ជាលទ្ធផលផ្លូវការនៃវេទិកានេះ អង្គប្រជុំបានសម្រេចអនុម័តលើ «សេចក្តីថ្លែងការណ៍ទីក្រុងមែលប៊ន» ស្តីពីការសម្រេចឱ្យបាននូវភាពធន់នៃប្រជាសាស្ត្រដែល ជាឯកសារសមិទ្ធផលដ៏សំខាន់ ដែលសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់បណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោក ក្នុងការធានាថាគ្រប់បុគ្គលទាំងអស់ទទួលបានសិទ្ធិសុខភាពពេញលេញ។
គួរជម្រាបផងដែរថា ពិធីបើកវេទិកានេះមានការចូលរួមពីឥស្សរជនជាន់ខ្ពស់ជាច្រើនរូប រួមមាន នាយករដ្ឋមន្ត្រីទូវ៉ាលូ, នាយកប្រតិបត្តិ UNFPA, និងអគ្គនាយក IPPF។ បន្ទាប់ពីបញ្ចប់វេទិកានេះ លោកជំទាវ ឡោក ខេង និងគណៈប្រតិបត្តិបន្តអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃសន្និសីទ Women Deliver 2026 ដែលជាវេទិកាស្ត្រីដ៏ធំបំផុតមួយនៅលើសកលលោកផងដែរ៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ រដ្ឋសភា





