អ៊ីស្រាអែលបើកការវាយប្រហារថ្មីលើប្រទេសលីបង់ និងកាត់ផ្តាច់ផ្លូវទៅកាន់ទីក្រុងកាហ្វ្រានៅភាគខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ -- កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារទៅលើច្រកចូលទៅកាន់ទីក្រុងកាហ្វ្រា នៅភាគខាងត្បូងប្រទេសលីបង់នៅព្រឹកថ្ងៃចន្ទនេះ ហើយបានកាត់ផ្តាច់ផ្លូវដែលចូលទៅដល់ទីក្រុងនេះ បើទោះបីជាមានបទឈប់បាញ់ក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ (NNA)។
ចំពោះផ្នែករបស់ខ្លួន កងទ័ពអ៊ីស្រាអែលបាននិយាយថា សំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាសបានបន្លឺឡើងនៅភាគខាងជើងប្រទេសអ៊ីស្រាអែលរួមទាំងនៅតំបន់អាល់-អារ៉ាំស្សេ របស់អារ៉ាប់ ដោយសារតែអ្វីដែលខ្លួនហៅថា ជា «ការជ្រៀតចូលរបស់យន្តហោះអរិភាព»។
កាលពីថ្ងៃអាទិត្យ យ៉ាងហោចណាស់មនុស្ស ១៤ នក់ រួមទាំងកុមារពីរនាក់ផង ត្រូវបានសម្លាប់ និង ៣៧នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអែល ដែលផ្តោតទៅលើតំបន់ជាច្រើននៅក្នុងប្រទេសលីបង់ភាគខាងត្បូង ដែលជាការកើនឡើងនៃភាពតានតឹងចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន។
តួលេខទាំងនេះត្រូវបានរាយការណ៍ដោយក្រសួងសុខាភិបាលលីបង់និងសារព័ត៌មាន NNA ដែលបាននិយាយផងដែរថា កងទ័ពអ៊ីស្រាអែលបានធ្វើការវាយកម្ទេចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធរវាងទីក្រុងយ៉ារូន និងទីក្រុងប៊ីនត៍ជេប៊ែល នៅភាគខាងត្បូង។
អ៊ីស្រាអែលបានវាយប្រហារតាមអាកាសលើប្រទេសលីបង់ និងបានបើកការវាយលុកលើដីគោកនៅភាគខាងត្បូងចាប់តាំងពីការវាយប្រហារឆ្លងកាត់ព្រំដែនដោយក្រុមហេសបូឡោះនៅថ្ងៃទី០២ ខែមីនា។ តំបន់នេះមានការប្រុងប្រយ័ត្នចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយលុកតាមអាកាសលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ។
ចាប់តាំងពីថ្ងៃទី០២ ខែមីនា ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់បានសម្លាប់មនុស្សជាង ២.៥០០នាក់ និងបានធ្វើឱ្យមនុស្សជាង ១លាននាក់ត្រូវផ្លាស់ទីលំនៅ។ នេះបើយោងតាមអាជ្ញាធរលីបង់។
បទឈប់បាញ់រយៈពេល ១០ថ្ងៃត្រូវបានប្រកាសជាលើកដំបូងនៅថ្ងៃទី១៦ ខែមេសា ប៉ុន្តែត្រូវបានអ៊ីស្រាអែលរំលោភបំពានម្តងហើយម្តងទៀត។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា អ៊ីស្រាអែល និងលីបង់ បានព្រមព្រៀងបន្តបទឈប់បាញ់របស់ពួកគេរយៈពេលបីសប្តាហ៍បន្ទាប់ពីកិច្ចចរចាកម្រិតខ្ពស់ជុំទីពីរនៅឯសេតវិមាន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





