អ៊ីរ៉ង់ស្នើបើកច្រកសមុទ្រហ័រមុសឡើងវិញ ដោយពន្យារពេលកិច្ចចរចានុយក្លេអ៊ែរ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ -- អ៊ីរ៉ង់បានស្នើឱ្យបើកច្រកសមុទ្រហ័រមុសឡើងវិញ និងបញ្ចប់សង្គ្រាម ខណៈដែលពន្យារពេលសម្រាប់កិច្ចចរចានុយក្លេអ៊ែរទៅដំណាក់កាលក្រោយ។ នេះបើយោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមួយកាលពីថ្ងៃអាទិត្យ។
យោងតាមគេហទំព័រសារព័ត៌មាន Axios បានឱ្យដឹងថា សំណើនេះត្រូវបានបញ្ជូនទៅកាន់សហរដ្ឋអាមេរិកតាមរយៈអ្នកសម្របសម្រួល រួមទាំងប៉ាគីស្ថាន ចំពេលដែលមានការជាប់គាំងផ្នែកការទូត ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ផែនការនេះស្វែងរកការជៀសវាងការខ្វែងគំនិតគ្នាលើការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូម ដើម្បីគាំទ្រដល់កិច្ចព្រមព្រៀងលឿនជាងមុន ដែលផ្តោតទៅលើការបើកផ្លូវ និងការស្តារចរាចរណ៍ផ្លូវសមុទ្រឡើងវិញ។
ក្រោមសំណើនេះ បទឈប់បាញ់នឹងត្រូវបានពង្រីកសម្រាប់រយៈពេលយូរ ឬធ្វើឡើងជាអចិន្ត្រៃយ៍ ខណៈដែលកិច្ចចរចានុយក្លេអ៊ែរនឹងចាប់ផ្តើមតែបន្ទាប់ពីច្រកសមុទ្រត្រូវបានបើកឡើងវិញ និងការរឹតបន្តឹងត្រូវបានដកចេញប៉ុណ្ណោះ។
មន្ត្រីអាម៉េរិកម្នាក់ និងប្រភពដែលដឹងពីកិច្ចពិភាក្សានោះបាននិយាយថា សេតវិមានបានទទួលសំណើនេះ ប៉ុន្តែមិនបានបង្ហាញថា ខ្លួននឹងបន្តវាឬអត់នោះទេ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ត្រូវបានគេរំពឹងថានឹងធ្វើកិច្ចប្រជុំនៅថ្ងៃចន្ទនេះជាមួយមន្ត្រីសន្តិសុខជាតិជាន់ខ្ពស់ ដើម្បីពិភាក្សាអំពីភាពជាប់គាំង និងជំហានបន្ទាប់ដែលអាចធ្វើទៅបាន។
លោក ត្រាំ បាននិយាយថា លោកចូលចិត្តរក្សាការបិទផ្លូវកងទ័ពជើងទឹកលើកំពង់ផែអ៊ីរ៉ង់ ដើម្បីបង្កើនសម្ពាធលើទីក្រុងតេអេរ៉ង់។
លោកបាននិយាយថា «នៅពេលដែលអ្នកមានប្រេងច្រើនសន្ធឹកសន្ធាប់… ប្រសិនបើខ្សែបង្ហូរប្រេងនេះត្រូវបានបិទ… ខ្សែបង្ហូរប្រេងនោះនឹងផ្ទុះចេញពីខាងក្នុង» ដោយបន្ថែមថា អ៊ីរ៉ង់អាចមានពេលតែ «ប្រហែលបីថ្ងៃ» ប៉ុណ្ណោះ មុនពេលប្រឈមមុខនឹងសម្ពាធផ្ទៃក្នុង។
កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតបានកើនឡើងយ៉ាងខ្លាំងនៅចុងសប្តាហ៍នេះ ដោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាកឈី (Abbas Araghchi) បានធ្វើកិច្ចពិភាក្សានៅទីក្រុងអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន និងទីក្រុងមូស្កាតរបស់ប្រទេសអូម៉ង់ ដោយផ្តោតសំខាន់ទៅលើច្រកសមុទ្រហ័រមុស៕





