រដ្ឋមន្រ្តីសុខាភិបាល៖ ការត្រួតពិនិត្យផលិតផលថ្នាំជក់ គឺជាការងាររបស់គ្រប់វិស័យ និងជាការទទួលខុសត្រូវរួមរបស់សង្គមទាំងមូល
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦-- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការត្រួតពិនិត្យផលិតផលថ្នាំជក់ គឺជាការងាររបស់គ្រប់វិស័យ និងជាការទទួលខុសត្រូវរួមរបស់សង្គមទាំងមូល។ យើងត្រូវរួមគ្នាការពារកុមារ យុវជន និងប្រជាពលរដ្ឋពីគ្រោះថ្នាក់នៃការប្រេីផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក ដើម្បីកសាងអនាគតកម្ពុជា គ្មានផ្សែងបារី មានសុខភាពល្អ និងសុវត្ថិភាព។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា មានប្រសាសន៍ដូច្នេះក្នុងកិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដើម្បីពិនិត្យវឌ្ឍនភាពការងារ ពង្រឹងកិច្ចសហការពហុវិស័យ និងកំណត់អាទិភាពសម្រាប់ជំហានបន្ត ក្នុងការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ ការពារប្រជាជនពីផ្សែងថ្នាំជក់ បង្ក្រាបផលិតផលថ្នាំជក់ខុសច្បាប់ និងក្លែងក្លាយ ព្រមទាំងទប់ស្កាត់បារីអេឡិចត្រូនិក ដែលកំពុងបង្កហានិភ័យដល់យុវជន និងសុខភាពសាធារណៈ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។
កម្ពុជាបានសម្រេចសមិទ្ធផលសំខាន់ៗជាច្រើន តាមក្របខណ្ឌអនុសញ្ញា WHO FCTC និងកញ្ចប់អន្តរាគមន៍ MPOWER រួមមានការបោះពុម្ពសារអប់រំសុខភាពលើកញ្ចប់ថ្នាំជក់ ការហាមជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ និងការហាមផ្សព្វផ្សាយពាណិជ្ជកម្ម។ ទោះយ៉ាងណា កម្ពុជានៅតែមានអ្នកប្រើប្រាស់ថ្នាំជក់ប្រមាណ ១,៦ លាននាក់ ដែលទាមទារឱ្យបន្តមានយន្តការសមស្របជាប់លាប់ និងមានប្រសិទ្ធភាព។

ភារកិច្ចគន្លឹះដែលគណៈកម្មាធិការ បន្តអនុវត្ត៖ ១. ការត្រួតពិនិត្យថ្នាំជក់ គឺជាការងារការពារជីវិត និងអនាគតប្រជាជន។ យើងមិនត្រឹមតែកាត់បន្ថយការជក់បារីប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងការពារកុមារ យុវជន ស្ត្រី និងប្រជាជនទាំងមូល ពីជំងឺមហារីក ជំងឺបេះដូង ជំងឺផ្លូវដង្ហើម និងជំងឺមិនឆ្លងផ្សេងៗ។ ២. ការងារនេះត្រូវការកិច្ចសហការពហុវិស័យពិតប្រាកដ។ ក្រសួងសុខាភិបាលមិនអាចធ្វើតែម្នាក់ឯងបានទេ។ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធររាជធានី-ខេត្ត សាលារៀន សហគមន៍ និងសង្គមទាំងមូល ត្រូវចូលរួមជាមួយគ្នា។ ៣. ត្រូវបន្តអប់រំ និងផ្សព្វផ្សាយឱ្យទូលំទូលាយ ជាពិសេសដល់សិស្ស និស្សិត និងយុវជន។ យុវជនជាគោលដៅងាយរងគ្រោះពីផលិតផលថ្នាំជក់ទម្រង់ថ្មីៗ និងបារីអេឡិចត្រូនិក។ ការការពារពួកគេ គឺជាការការពារអនាគតសុខភាពជាតិ។ ៤. ត្រូវអនុវត្តច្បាប់ និងវិធានការហាមឃាត់ឱ្យម៉ឺងម៉ាត់។ ត្រូវពង្រឹងការអនុវត្តច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ការហាមផ្សព្វផ្សាយពាណិជ្ជកម្ម ការបោះពុម្ពសារព្រមានសុខភាព និងការហាមជក់នៅកន្លែងសាធារណៈ។ ៥. ត្រូវបង្ក្រាបផលិតផលថ្នាំជក់ខុសច្បាប់ ក្លែងក្លាយ និងបារីអេឡិចត្រូនិកឱ្យមានប្រសិទ្ធភាព។ ៦. ត្រូវរៀបចំយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ២០២៧-២០៣១។ យុទ្ធសាស្ត្រថ្មីត្រូវផ្អែកលើទិន្នន័យ ភស្តុតាង វិធានការមានប្រសិទ្ធភាព និងគោលដៅកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ឱ្យបាន ៣០% ឆ្ពោះទៅឆ្នាំ២០៣០៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





