ថ្នាក់ដឹកនាំខេត្តបាត់ដំបង នាំអំណោយឧបត្ថម្ភកងកម្លាំងជួរមុខការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ
AKP បាត់ដំបង ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ ដំបង បាននាំយកអំណោយជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់នានាឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែ បន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដែលពិធីប្រគល់អំណោ យនេះបានធ្វើឡើងនៅបរិវេណ សាលា ខេត្តបាត់ដំបង នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

ឯកឧត្តម សុខ លូ បានថ្លែងនូវកោតសរ សើរ និងផ្ដាំផ្ញើសាកសួរសុខទុក្ខដល់កងកម្លាំងជួរមុខទាំងអស់ដែលបានលះបង់ពេលវេលា សេចក្ដីសុខផ្ទាល់ខ្លួន និងយកអាយុជីវិតទៅការពារបូរណភាព ទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន។ អំណោយដែលនាំយកមកផ្ដល់ជូនដល់កងកម្លាំងជួរមុខនាពេលនេះ គឺបានមកពីការបរិច្ចាគរបស់មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋតាមរយៈការរៀបចំព្រាបសន្តិភាពក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង និងកម្មវិធីរត់ដើម្បីក្ដីស្រឡាញ់។ ការឧបត្ថម្ភគាំទ្ររបស់មន្រ្តីរាជការ និងប្រជាពលរដ្ឋជាអ្នកជួរក្រោយជួយដល់កងកម្លាំងជួរមុខ គឺពិតជាបានបង្ហាញពីស្មារតីជាតិនិយមដ៏ខ្លាំងក្លារបស់ខ្មែរយើង។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរ គុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាព ទឹកដីនៅតាមខ្សែ បន្ទាត់ព្រមដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបងក្នុងស្មារតីអ្នកជួរក្រោយផ្សារភ្ជាប់ជាមួយអ្នកជួរមុខ។

ឯកឧត្តម បានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដឹកនាំមន្រ្តីរាជការ មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ដើម្បីខិតខំបន្តកៀរគរធនធានជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខបន្ថែមទៀត។
ឯកឧត្តម ក្រើនរំលឹកដល់កងកម្លាំងទាំងអស់ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយគោរពតាមបទបញ្ជារបស់កងកម្លាំង និងជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម រំលឹកថា ការរៀបចំរូបព្រាបសន្តិភាពក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងដើម្បីឱ្យប្រជាពលរដ្ឋបានសរសេរសារជូនពរ លើកទឹកចិត្ត និងសម្ដែងការដឹងគុណដល់កងកម្លាំងជួរមុខ គឺដើម្បីចង់បង្ហាញឱ្យឃើញថា ប្រទេស និងប្រជាជនកម្ពុជា ស្រឡាញ់ និងត្រូវការសន្តិភាព ខណៈរាជរដ្ឋាភិ បាលកម្ពុជាបានបង្ហាញឆន្ទៈយ៉ាងពិតប្រាកដច្បាស់លាស់ក្នុងការដោះ ស្រាយបញ្ហាព្រំដែនជាមួយប្រ ទេសជិតខាងដោយសន្តិវិធី ៕
ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





