បណ្តាក្រុមហ៊ុនស្តុកទុកថាមពលចិនពន្លឿនការពង្រីកនៅក្នុងសកលលោក
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ -- ការផ្លាស់ប្តូរថាមពលបៃតងសកលលោកកំពុងជំរុញការពង្រីកដ៏ធំសម្រាប់បណ្តាក្រុមហ៊ុនផ្ទុកថាមពលរបស់ចិន ដូចដែលបានបង្ហាញដោយកិច្ចព្រមព្រៀងថ្មីៗ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទូទាំងទ្វីបអឺរ៉ុប។ នៅដើមឆ្នាំ២០២៦ ក្រុមហ៊ុនយក្សឧស្សាហកម្ម ដូចជាក្រុមហ៊ុន LONGi ក្រុមហ៊ុន Hithium និងក្រុមហ៊ុន Sungrow ទទួលបានកិច្ចព្រមព្រៀងផ្គត់ផ្គង់សំខាន់ៗ និងបានប្រកាសពីការវិនិយោគដែលមានតម្លៃរាប់រយលានអឺរ៉ូសម្រាប់រោងចក្រផលិតថ្មីនៅក្នុងប្រទេសអាល្លឺម៉ង់ អេស្ប៉ាញ និងព័រទុយហ្គាល់។
សន្ទុះនេះកើតឡើងបន្ទាប់ពីឆ្នាំដ៏លេចធ្លោមួយកាលពីក្នុងឆ្នាំ២០២៥ដោយក្នុងអំឡុងពេលនោះ បណ្តាក្រុមហ៊ុនចិនបានឃើញការបញ្ជាទិញពីក្រៅប្រទេសកើនឡើង ១៤៤% ដែលឈានដល់ ៣៦៦ជីហ្គាវ៉ាត់ម៉ោង។
ឥឡូវនេះ សហគ្រាសចិនជាង៧០ បានបង្កើតវត្តមាននៅក្នុងសកលលោក ដោយធ្វើពិពិធកម្មវិសាលភាពរបស់ពួកគេហួសពីទីផ្សារដែលបានបង្កើតឡើង ដូចជាសហរដ្ឋអាមេរិក និងអូស្ត្រាលី និងតំបន់ដែលកំពុងរីកចម្រើនដូចជាតំបន់អាស៊ីអាគ្នេយ៍ និងមជ្ឈិមបូព៌ា។ ឧស្សាហកម្មនេះកំពុងវិវត្តពីការផ្គត់ផ្គង់ឧបករណ៍សាមញ្ញទៅជាគំរូអាជីវកម្មស្មុគស្មាញ ដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសេវាកម្មរយៈពេលវែង និងការបណ្តាក់ទុនរួមគ្នា។លើសពីនេះ តម្រូវការកំពុងផ្លាស់ប្តូរទៅរកកម្មវិធីឯកទេស ខណៈដែលទីផ្សារសកលលោកកំពុងស្វែងរកដំណោះស្រាយថាមពលដែលសមស្របជាងមុន។
កំណើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុនផលិតទាំងនោះត្រូវបានជំរុញដោយតួនាទីសំខាន់ដែលការផ្ទុកថាមពលដើរតួក្នុងការធ្វើឱ្យថាមពលកកើតឡើងវិញមានស្ថេរភាព។ តាមរយៈការស្តុកទុកថាមពលពីប្រភពមិនទៀងទាត់ដូចជាថាមពលខ្យល់ និងពន្លឺព្រះអាទិត្យក្នុងអំឡុងពេលមានបរិមាណលើសនិងបញ្ចេញវានៅពេលដែលមានតម្រូវការខ្ពស់ ប្រព័ន្ធទាំងនេះធានាបាននូវការផ្គត់ផ្គង់ថាមពលដែលមានស្ថេរភាព និងអាចទុកចិត្តបាន។ ភាពចាំបាច់ខាងបច្ចេកវិទ្យានេះ រួមផ្សំជាមួយនឹងការកែទម្រង់ទីផ្សារក្នុងស្រុក ដែលបានពង្រឹងគោលជំហរឈានមុខគេរបស់ប្រទេសចិននៅក្នុងទេសភាពថាមពលអន្តរជាតិ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BRNN)





