ពិធីសំពះគ្រូ និង សម្តែងល្ខោនខោលវត្តស្វាយអណ្តែត បានបន្សល់ទុកពីដូនតា
AKPភ្នំពេញ ថ្ងៃទី២៧ ខែ មេសា ឆ្នាំ ២០២៦--ពិធីសំពះគ្រូ និងសម្តែងល្ខោនខោលរបស់សហគមន៍ល្ខោនខោលវត្តស្វាយអណ្តែត ស្ថិតក្នុងសង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្តាលកំពុងបានបង្ហាញពីវប្បធម៌ដ៏យូរលង់របស់ដូនតាខ្មែរ។
ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌវប្បធម៌អរូបី និងឧស្សាហកម្មវប្បធម៌ច្នៃប្រតិដ្ឋរបស់ ក្រសួងវប្បធម៌បានឱ្យដឹងថាពិធីសំពះគ្រូនេះមិនត្រឹមតែជាការជួបជុំគ្នាសម្តែងកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជា "ការសម្តែងនូវកតញ្ញូតាធម៌" ដ៏ខ្ពង់ខ្ពស់ចំពោះបុព្វ បុរសគ្រូអាចារ្យ ដែលបានថែរក្សាមរតកល្ខោនខោលដែលជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិឱ្យនៅរស់ រវើកដល់សព្វថ្ងៃ។
ឯកឧត្តមបានថ្លែងដោយកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលសង្កាត់សារិកាកែវ គណៈគ្រប់គ្រងក្រុមល្ខោន និងការជ្រោមជ្រែងពីព្រះគ្រូចៅ អធិការវត្តស្វាយអណ្តែត ដែលបានរៀបចំកម្មវិធីរយៈពេល ៥ថ្ងៃ (ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា) យ៉ាងអធិកអធម។

ឯកឧត្តមអគ្គនាយកបានសាទរចំពោះវឌ្ឍនភាពនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា "ជំនាញខ្មុកស្មាច់" នៅវត្តស្វាយអណ្តែត ដែលបានដំណើរការចំនួន២ឆ្នាំកន្លងមក ហើយទទួលបានសិស្សចូលរៀនច្រើននិងទទួលបានលទ្ធលផលសិក្សាល្អប្រសើរផងដែរ។

ជាមួយគ្នានេះឯកឧត្តម ឈុំ ម៉េងហុង បានអំពាវនាវដល់អាជ្ញាធរ និងប្រជា ពលរដ្ឋ ជាពិសេសយុវជនឱ្យបន្តគាំទ្រចូលរួមទស្សនា និងជួយផ្សព្វផ្សាយពីតម្លៃនៃល្ខោនខោលវត្តស្វាយអណ្តែតឱ្យបានកាន់តែទូលំទូលាយ។ ក្នុងឱកាសនោះដែរ ដើម្បីជាការលើកទឹកចិត្តដល់សិល្បករ ក្រសួងវប្បធម៌ និងវិចិត្យសិល្បៈ ក៏បានឧបត្ថម្ភថវិកាចំនួន ២,០០០,០០០ រៀល ជូនដល់ក្រុមល្ខោន។

ក្នុងពិធីនេះដែរឯកឧត្តម ឈួរ សុបញ្ញា បានថ្លែងសំណេះសំណាល និងផ្តល់ជាមតិយោបល់ ដើម្បីចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ជាតិ ចំនួន៣ ចំណុច ឆ្លុះបញ្ចាំងអំពីសារៈសំ ខាន់និងការបន្តថែរក្សាល្ខោនខោលក្នុងសង្គមខ្មែរគឺ៖ (១). រៀនស្គាល់ ដើម្បីរក្សាអត្តសញ្ញាណជាតិ (២). ចូលរួមគាំទ្រ ដើម្បីរក្សាជីវិតសិល្បៈបុរាណ និង (៣). ផ្សព្វផ្សាយ ដើម្បីបន្តមរតកទៅជំនាន់ក្រោយ។
ក្នុងស្មារតីគាំទ្រសិល្បៈល្ខោនខោលវត្តស្វាយអណ្តែតឯកឧត្តមរដ្ឋលេខាធិការក៏បានចូលរួមថវិកាផ្ទាល់ខ្លួន ចំនួន ១.០០០.០០០រៀល៕
ដោយ៖មករា





