ឧត្ដមសេនីយ៍ទោ សោម ស៊ុន និងភរិយាអញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងអគារពុទ្ធិកបឋមសិក្សានិងសមិទ្ធផលនានាបញ្ចុះបឋមសិលាកសាងខ្លោងទ្វារវត្តបាគង
AKP កំពង់ធំ ថ្ងៃទី២៤ខែមេសា ឆ្នាំ២០២៦--ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជា ការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ នួន វិធាវីកាលពីរសៀលថ្ងៃទី២៣ខែមេសាឆ្នាំ២០២៦បានអញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងអគារពុទ្ធិកបឋមសិក្សា០១ខ្នង កម្ពស់ពីរជាន់ និងមានបន្ទប់សិក្សាចំនួន៦បន្ទប់និងសមិទ្ធផលនានាព្រមទាំងបញ្ចុះបឋមសីលាកសាងខ្លាំងទ្វារវត្តបាគង ស្ថិតនៅឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទចំណុះជេីងវត្តយ៉ាងច្រើនកុះករ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា កន្លងទៅនេះ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទោទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ បានចូលរួមចំណែកជាថវិកា និងសុីម៉ងត៍មួយចំនួន ចូលរួមចំណែកជាមួយព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជេីងវត្ត ក្នុងការកសាងអគារពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានាមួយចំនួននៅក្នុងទីអារ៉ាមនេះ ដេីម្បីចូលរួមក្នុងការអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ដែលជាសា សនារបស់រដ្ឋ ហើយដែលមានប្រជាពលរដ្ឋ ជាង៩០% នៅទូទាំងប្រទេស គោរពបូជា។

បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា វិស័យព្រះពុទ្ធសាសនា ក៍មានការអភិវឌ្ឍន៍រីកចម្រើន ដូចវិស័យអាណាចក្រដែរ ដែលនៅទូទាំងប្រទេសមានវត្តអារាមជាង ៥ពាន់វត្ត និងមានព្រះសង្ឃ ជាង៧ម៉ឺនអង្គ ដែលកំពុងគង់នៅ ជាទីគោរពសក្ការៈរបស់ប្រជាជនកម្ពុជា។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន និង លោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរងនិងពលទោទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំព្រមទាំងក្រុមគ្រួសារ បានចូលរួមបច្ច័យបន្ថែមមួយចំនួនទៀតសម្រាប់រៀបចំក្នុងពិធីបុណ្យនិងសម្រាប់កសាងសមិទ្ធផលនានានៅក្នុងទីអារាមនេះបន្តទៀត។

ព្រះតេជគុណ ព្រះភិក្ខុឥន្ទ្រិយរក្ខិតោ ណន សុខា ព្រះគ្រូចៅអធិការវត្ត និងលោកអាចារ្យ គណៈកម្មការវត្តបាគង ឃុំត្បែង បានថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវព្រមទាំងនាយទាហាន នាយទាហានរងនិងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ ដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភគាំទ្រដល់ទីអារាមវត្តបាគងនេះពិសេសក្នុងពេលដែលព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលកំពុងគង់និងអាស្រ័យនៅក្នុងវត្តនេះ ជួបការលំបាកខ្វះខាតចង្ហាន់ប្រចាំថ្ងៃនិងខ្វះបរិក្ខារពេទ្យ សម្រាប់ការពារកូវីដ-១៩ ដែលពេលនោះ ទីអារាមនេះ ត្រូវបានបិទខ្ទប់ មិនឱ្យមានអ្នកចេញចូលក្នុងវត្តព្រោះមានអ្នកឆ្លងជំងឺកូវីដ១៩ តែត្រូវបានឧត្ដមសេនីយ៍ទោ សោម ស៊ុន និងសហការី ហ៊ានលះបង់អាយុជីវិត ដេីម្បីជួយដោះស្រាយការលំបាករបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលកំពុងគង់និងស្នាក់អាស្រ័យនៅក្នុងវត្តនេះ ។
នេះជាការលះបង់ដ៏ធំធេង ដែលព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្ត មិនអាចបំភ្លេចបានឡើយនិងសូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រៃ សូមជួយបីបាច់ថែរក្សា ដល់ថ្នាក់ដឹកនាំ រួមជាមួយយោធិនគ្រប់រូប នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ ស៊ុម វណ្ណា





