វត្តដំណាក់រៀបចំសូធ្យព្រះត្រ័យបិដកលើក២ដើម្បីរក្សាព្រះពុទ្ធវចនដ៏អស្ចារ្យរបស់ព្រះសម្មាសម្ពុទ្ធ
AKP សៀមរាប ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦—មុនថ្ងៃបុណ្យវិសាខបូជាចូលមកដល់ ព្រះសង្ឃអាចារ្យគណៈកម្មការវត្តដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប និងពុទ្ធបរិស័ទជិតឆ្ងាយបានស្រុះស្រួលគ្នារៀបចំពិធីសូធ្យព្រះត្រ័យបដិកជាលើកទី២ ដើម្បីរក្សានូវមរតកដ៏អស្ចារ្យរបស់ព្រះសម្មាសម្ពុទ្ធពោលគឺឱវាទជាពាក្យទូន្មានប្រៀនប្រដៅរបស់ព្រះអង្គផង ជាការចម្រើនបញ្ញាស្មារតីផង ជាការគោរពគុណផង និងជាការចម្រើនបុណ្យតាមរយវចីភេទផង ព្រមទាំងដើម្បីលើកកម្ពស់ក៏ដូចជាផ្សព្វផ្សាយនូវសាសនៈឱ្យទូលំទូលាយផង ។ កម្មវិធីបានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០២៦ ក្រោមព្រះអធិបតីភាពរបស់ព្រះវិជ័យរង្សីបណ្ឌិត ឡាច ឡាង ព្រះរាជាគណៈកិត្តិយស ព្រះធម្មធរគណខេត្ត ជាព្រះអនុគណក្រុងសៀមរាប និងមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ អាចារ្យគណៈកម្មការ និង ពុទ្ធបរិស័ទទូទៅជាច្រើនគួរឱ្យកត់សម្គាល់ ។

ព្រះធម្មវិសុទ្ធិរង្សី ឡាច ចន្ថា ព្រះគ្រូចៅអធិការវត្តដំណាក់បានមានសង្ឃដីកាថា កម្មវិធីសូធ្យព្រះត្រ័យបិដកនេះជាលើកទី២ហើយសម្រាប់វត្តដំណាក់ និងមានលើកក្រាយជាបន្តបន្ទាប់ទៀតជាប្រវេណីវត្ត ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងនូវព្រះពុទ្ធវចនដល់បរិស័ទទូទៅ ។

ព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង បានមានព្រះសង្ឃដីការថា វត្តដំណាក់ជាវត្តមួយដែលបានគិតគួររៀបចំពិធីសាសនានាបានល្អប្រសើរជាងបណ្តាវត្តនានាក្នុងខេត្តសៀមរាប ហើយក៏ជាវត្តដែលមានគិតគូររៀបចំកម្មវិធីសូត្រព្រះបិដកមុនគេក្នុងខេត្តផងដែរ ព្រះអង្គបន្តថា ព្រះអង្គផ្ទាល់ក៏ដូជាមន្ត្រីសង្ឃសូមត្រេកអរសាទរ និង លើកទឹកចិត្តឱ្យបន្តកម្មវិធីនេះឱ្យច្រើនដង និង ជាប្រចាំដើម្បីបានបុណ្យកុសលផង និង បានការចេះដឹងថ្មីៗបន្ថែមទៀតផងនូវពុទ្ធវចនៈរបស់ព្រះដ៏មានព្រះភាគនៃយើង ព្រមទាំងដើមដើម្បីឱ្យបរិស័ទបានបំពេញសទ្ធាជ្រះថ្លាផង ។
ក្នុងនោះលោកគ្រូធម្មាចារ្យ កែវ វិមុត្តិ ក៏បានមានប្រសាសន៍ផងដែរថា ការសូធ្យព្រះត្រ័យបិដកនេះគឺដើម្បីត្រៀមស្វាគមន៍បុណ្យវិសាខបូជា ការគោរពនូវមហាគុណរបស់ព្រះសម្មាសម្ពុទ្ធផល និង ដើម្បីរក្សានូវមរតកដ៏ល្អថ្លៃថ្លាកាត់មិនបានរបស់ព្រះសម្មាសម្ពុទ្ធផង ។ កម្មវិធីបានដំណើរការប្រកបដោយកីសោមនស្សរីករាយជ្រះថ្លាក្រៃលែង ។

សូមបញ្ជាក់ថា ពិធីសូធ្យព្រះត្រ័យបិដកនេះ គឺចាប់ពីថ្ងៃសុក្រ៨កើត ខែវិសាខ ឆ្នាំមមីអដ្ឋស័កព.ស.២៥៦៩រហូតដល់ថ្ងៃពុធ១៣កើត ខែឆ្នាំដដែល ត្រូវនឹងថ្ងៃទី២៤ដល់២៩ ខែមេសា ឆ្នាំ ២០២៦៕
ដោយ៖ ឃុត សៅ





