អភិបាលស្រុកស្ទោងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាននិងពលរដ្ឋត្រូវបន្តពហិកាទំនិញប្រទេសសៀម
AKP កំពង់ធំ ថ្ងៃទី២៤ ខែមេសាឆ្មាំ២០២៦--លោកសាយ គឹមឡម អភិបាលស្រុកស្ទោងបានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាននិងពលរដ្ឋត្រូវបន្តពហិកាទំនិញប្រទេសសៀមក្នុងឱកាសដែលលោកអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខនិងឧបត្ថម្ភស្បៀងដល់គ្រួសារកងទ័ពនិងជនភៀសសឹកដែលកំពុងបន្តស្នាក់នៅក្នុងភូមិប្រាសាទ ឃុំចំណាលើស្រុកស្ទោងខេត្តកំពង់ធំនាព្រឹកថ្ងៃទី២៤ខែមេសាឆ្នាំ ២០២៦។

លោកអភិបាលស្រុកបានសង្កត់ធ្ងន់ថា នៅពេលនេះស្ថានភាពនៅព្រំដែនកម្ពុជា-ថៃមិនទាន់មានភាពប្រក្រតីនៅឡើយទេ ហេតុនេះហើយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋគ្រប់រូបត្រូវតែបន្តស្ដាប់និងជឿជាក់យុទ្ធសាស្ត្រនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្នុងការដោះស្រាយបញ្ហាព្រំដែនដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋនិងបូរណភាពទឹកដីនៃយើង។

ទន្ទឹមនឹងនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានណែនាំបន្ថែមទៀតដល់បងប្អូនវីរកងទ័ពនិងគ្រួសារព្រមទាំងជនភៀសសឹកដែលកំពុងបន្តថ្នាក់នៅទីនេះត្រូវរស់នៅប្រកបដោយអនាម័យបីល្អនិងមានការប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាភ្លៀងផ្គររន្ទះឬជំងឺឆ្លងផ្សេងៗជាពិសេសត្រូវរាយការណ៍ជាបន្ទាន់ ទៅអាជ្ញាធរពាក់ព័ន្ធឬទៅមណ្ឌលសុខភាពដើម្បីធានា បាននូវសុខភាពល្អនិងជួយសង្គ្រោះបានទាន់ពេលវេលា។

ជាមួយគ្នានេះលោកសាយ គឹមឡមបានថ្លែងអំណរគុណនិងកោតសរសើរខ្ពស់ដល់អាជ្ញាធរឃុំចំណាលើដែលបានឧបត្ថម្ភគាំទ្រនិងជួយធ្វើផ្ទះនិងបន្ទប់ទឹកជូនគ្រួសារជនភៀសសឹកទាំង៦ គ្រួសារ ដើម្បីបន្តស្នាក់នៅជាបណ្ដោះអាសន្ន ហើយក្នុងឱកាសនោះដែរ លោកក៏បានឧបត្ថម្ភដល់វីរកងទ័ព២នាក់ ក្នុងម្នាក់ចំនួន១០ ម៉ឺនរៀល ដើម្បីធ្វើជាសោហ៊ុយទៅជួរមកវិញ ហើយគ្រួសារទាំង៦គ្រួសារក្នុងមួយគ្រួសារៗទទួលបាននូវអង្ករ៣០គីឡូក្រាម គ្រឿងឧបភោគបរិភោគមួយចំនួនសម្លៀកបំពាក់និងតង់កៅស៊ូតង់០១ថែមទៀត៕

ដោយ៖ ស៊ុម វណ្ណា





