អភិបាលក្រុងសិរីសោភ័ណ ជំរុញឱ្យមន្ត្រីមូលដ្ឋានពង្រឹងប្រសិទ្ធភាពសេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋឱ្យបានទាន់ពេល
AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦—លោក ស្រេង សុផលអភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាឱ្យមន្ត្រីក្រោមឱវាទ ជាពិសេសមន្ត្រីសង្កាត់ទាំង ៧ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវាសាធារណៈ និងដោះស្រាយរាល់បញ្ហាប្រឈមនៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងតម្លាភាព។

ការជំរុញបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបម្រើសេវាជូនប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហាប្រឈមនានា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ ម្សិលមិញនេះ នៅសាលាក្រុងសិរីសោភ័ណ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីអភិបាលរងក្រុង លោកនាយករដ្ឋបាល លោកប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ព្រមទាំងចៅសង្កាត់ ស្មៀន និងជំនួយការសង្កាត់ទាំង៧ ផងដែរ។

ក្នុងឱកាសនោះ លោក ស្រេង សុផល បានមានប្រសាសន៍លើកឡើងថា ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ គឺជាភារកិច្ចចម្បងដែលមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្តឱ្យបានល្អប្រសើរ។ លោកបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗមួយចំនួន រួមមានការពង្រឹងរបៀបរបបការងារ មន្ត្រីត្រូវប្រចាំការ និងទទួលខុសត្រូវលើតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីធានាថាពលរដ្ឋដែលមកទទួលសេវា ទទួលបានការស្វាគមន៍ និងការដោះស្រាយបានឆាប់រហ័ស។

ការតាមដានវឌ្ឍនភាព ត្រូវពិនិត្យរាល់សមិទ្ធផលដែលសម្រេចបាន និងស្វែងរកចំណុចខ្វះខាតដើម្បីកែលម្អជាប្រចាំ។ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនៅតាមមូលដ្ឋាន សហគមន៍ សាលារៀនឲ្យបានជាប់ជាប្រចាំនិងមានប្រសិទ្ធភាព។
ការដោះស្រាយបញ្ហាប្រឈមរាល់បញ្ហាមិនប្រក្រតី ឬសំណូមពររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ត្រូវមានយន្តការដោះស្រាយឱ្យបានទាន់ពេលវេលា ដើម្បីបង្កើនជំនឿទុកចិត្តមកលើការដឹកនាំរបស់រដ្ឋបាលក្រុង។
ជាមួយនោះ លោកអភិបាលក្រុង ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ផ្នែកនាពេលកន្លងមក និងបានណែនាំឱ្យបន្តសាមគ្គីភាពផ្ទៃក្នុង ដើម្បីជំរុញការអភិវឌ្ឍក្រុងសិរីសោភ័ណឱ្យកាន់តែរីកចម្រើន និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
ដោយ៖ ឈុន សារ៉ាត





