អង្គការ CI បើកវគ្គបណ្តុះបណ្តាលស្តីពីការបង្ការ និងព្យាបាលជំងឺមាន់ដល់អ្នកជំនាញព្យាបាលមាន់តាមភូមិ
AKP ភ្នំពេញ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦--ការលើកកម្ពស់ជីវភាពសហគមន៍តាមរយៈការពង្រឹងសមត្ថភាពសហគមន៍លើបច្ចេកទេសចិញ្ចឹមមាន់ អ្នកព្យាបាលមាន់តាមភូមិបានដើរតួសំខាន់ក្នុងការជួយបំរើសេវាកម្មព្យាបាលមាន់តាមភូមិ បង្ហាត់បង្រៀនសហគមន៍មូលដ្ឋាន ពីការបង្ការជំងឺ និងព្យាបាលជំងឺសត្វមាន់ ដែលញ៉ាំងឱ្យទិន្នផល និងប្រាក់ចំណូលរបស់សហគមន៍មូលដ្ឋានក្នុងប្រទេសកម្ពុជាកាន់តែមានភាពប្រសើរឡើង។

បើតាមប្រភពពី អង្គការ CI បានឱ្យដឹងនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះថា ដោយសារមូលហេតុខាងលើនេះ ទើបអង្គការអភិរក្សអន្តរជាតិកម្ពុជា (អង្គការCI) បានបើកវគ្គបណ្តុះបណ្តាលស្តីពីការបង្ការ និងព្យាបាលជំងឺមាន់ដល់អ្នកជំនាញព្យាបាលមាន់តាមភូមិ ក្នុងវគ្គនេះ អ្នកព្យាបាលមាន់តាមភូមិបានស្វែងយល់កាន់តែប្រសើរអំពីមូលដ្ឋាននៃការចម្លងជំងឺ ការកំណត់រោគសញ្ញា វិធីបង្ការ និងការព្យាបាលទៅតាមប្រភេទជំងឺនីមួយៗ ។ ពួកគាត់បានស្វែងយល់បន្ថែមអំពីព័ត៌មាននៃការប្រើប្រាស់ឱសថ ដើម្បីព្យាបាលមាន់ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស។

វគ្គបណ្តុះបណ្តាល អ្នកព្យាបាលមាន់ ក្នុងភូមិបានពិភាក្សាគ្នា ដើម្បីបញ្ជាទិញឱសថពីអ្នកផ្គត់ផ្គង់ឱសថ ដើម្បីផ្តល់សេវាកម្មនៅក្នុងភូមិ និងធានាថាការព្យាបាលមាន់ និងការផ្គត់ផ្គង់ឱសថមានប្រសិទ្ធភាព និងប្រកបដោយនិរន្តរភាព ៕


ដោយ ណយ នឿន (ប្រភព៖CI)





